ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១២គ្រួសារនៅឃុំកន្ទឺ១ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់

បាត់ដំបង៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា អភិបាលស្រុក និង ជាប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បានអញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់រលំទាំងស្រុង និងធ្ងន់ធ្ងរចំនួន ១២គ្រួសារ នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបវេល ដែលបានរងគ្រោះកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ។
ថ្លែងក្នុងឱកាសសំណេះសំណាលនេះដែរលោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុកបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តនិងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ របស់បងប្អូន ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកប្រធានអនុសាខាបានបន្តទៀតថាជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។
ទន្ទឹមនោះ លោក ស្រេង សុខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់ មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អ្នកជិតខាង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖
-អង្ករចំនួន ២៥គីឡូក្រាម , មី១កេស ,ត្រីខ១យួរ , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ ,ទឹកបរិសុទ្ធ១កេស និង ថវិកា២ម៉ឺនរៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង