តុលាការបើកសវនាការសំណុំរឿងជនដៃដល់ កាប់មន្ដ្រីនគរបាលម្នាក់៣ពូថៅ សាលក្រមត្រៀមប្រកាសនៅខែឧសភា
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ លោក តុប ឈុនសុង លោក អ៊ួង វុទ្ធា ជាចៅក្រមប្រឹក្សា ដោយមានលោក ទុង រតនា ជាតំណាងអយ្យការ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងឈ្មោះ អ៉ិត ឆេងហ៊ត ដែលត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «ប៉ុនប៉ងឃាតកម្ម» តាមបញ្ញត្តិមាត្រា ២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដើម្បីសួរដេញដោល។
ក្នុងអង្គសវនាការ ជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដោយយកពូថៅដៃកាប់លើជនងគ្រោះដែលជាមន្ដ្រីនគរបាល ចំនួន៣ពូថៅប្រាកដមែន។
លោក ម៉ម វ៉ាន ដែលជាមេធាវីការពារឲ្យជនជាប់ចោទ បានបញ្ជាក់ជូនអង្គសវនាការបន្ថែមថា បើយោងតាមចម្លើយរបស់កូនក្តីខ្លួន ដែលបានឆ្លើយនៅដំណាក់កាលសមត្ថកិច្ច កាប់កាប់នេះ គឺព្រោះតែការខឹងក្រោធមួយពេល ដោយសារ តែជនរងគ្រោះធ្លាប់ជេប្រមាថមកលើកូនក្តីខ្លួន តាមឆាតបណ្តាញសង្គម។ ដូច្នេះលោកបានស្នើសុំចៅក្រមប្រធាន និងក្រុមប្រឹក្សា ព្រមទាំងតំណាងអយ្យការ សូមកែប្រែបទចោទលើកូនក្តីរបស់ខ្លួនពីបទ «ប៉ុនប៉ងឃាតកម្ម» មកជាបទ «ហិង្សាដោយចេតនា» វិញពីព្រោះថា ស្ថានភាពជនរងគ្រោះនៅជាធម្មតា ដោយប្រាស្រ័យសួរដេញដោលគ្នា និងចងចាំបានជាធម្មតា។
ទោះជាយ៉ាងក៏ដោយតំណាងអយ្យការ នៅតែរក្សាបទចោទលើឈ្មោះ អ៉ិត ឆេងហ៊ត ពីបទ «ប៉ុនប៉ងឃាតកម្ម» និងស្នើឲ្យចៅក្រមផ្តន្ទាទោសតាមច្បាប់។ ក្រោយសវនាការបានបញ្ចប់ លោក ហុក ពៅ ប្រធានក្រុមប្រឹក្សារជំនំជម្រះ បានសម្រេចលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រមនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
សូមរំលឹកថា ករណីជនដៃដល់កាប់ប្រហារមន្រ្តីនគរបាលម្នាក់៣ពូថៅ ដេរ៦៨ថ្នេរ កើតឡើងនៅខណ្ឌដង្កោ ហើយត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅខេត្តស្វាយរៀង ក្រោយការចាប់ខ្លួនបានតំណាងអយ្យការ បានសម្រេចចោទ ប្រកាន់ លើបុគ្គលឈ្មោះ អ៉ិត ឆេងហ៊ត ភេទប្រុស ពីបទ ប៉ុនប៉ងឃាតកម្ម តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមបញ្ជាក់ពីលោក ឆាយ ហុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់មកបណ្ដាញព័ត៌មាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
បុគ្គលឈ្មោះ អ៉ិត ឆេងហ៊ត ជាជនដៃដល់ ដែលបានធ្វើសកម្មភាព កាប់ប្រហារលើបុរសម្នាក់ចំនួន៣ពូថៅ ដេរ៦៨ថ្នេរ បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការស្រាវជ្រាវចាប់ខ្លួនបាន នៅខេត្តស្វាយរៀង។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា នៅពេលមានបទល្មើសកើតឡើង លោកបានបញ្ជាកម្លាំងធ្វើការស្រាវជ្រាវ ភ្លាមៗ ដោយយកចិត្តទុកដាក់ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ ហើយបញ្ជូនមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ទៀតថា ដើមចមនៃហេតុការណ៍អំពើកាប់ប្រហារនេះ ផ្ដើមចេញពីទំនាស់ក្នុងទំនាក់ទំនងស្នេហា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលតែងធ្វើការវាយប្រហារមកលើកម្លាំងសមត្ថកិច្ច ថាមិនមានចំណាត់ការចំពោះជនល្មើសក្រោយធ្វើសកម្មភាព ផ្ទុយទៅវិញលោកសង្កត់ធ្ងន់ថា នៅពេលមានបទល្មើសកើតឡើងសមត្ថកិច្ចជំនាញមិនដែលទុកចោលឡើយ ពោលបើកការស្រាវជ្រាវជាបន្ដបន្ទាប់តាមជំនាញវិជ្ជាជីវៈ និងវិធានការច្បាប់ មិនមែនធ្វើការតាមអារម្មណ៍នោះទេ៕