នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃសារភាពហើយ! រង់ចាំមើលចំណាត់ការបន្ត… តើមានតែម្នាក់ហ្នឹងទេឬ?

ភ្នំពេញ÷ប្រភពច្បាស់ការណ៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា លោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលពាក់ព័ន្ធសកម្មភាពជំរឹតទារប្រាក់ពីប្រជាពលរដ្ឋ បានសារភាពហើយថា លោកពិតជាបានទទួលលុយពីអ្នក លក់ផលិតផលតាមអនឡាញ ពិតប្រាកដមែន ។ ការឆ្លេីយសារភាពរបស់លោកវរសេនីយ៍ទោ សាន សាធុកា បានធ្វើឡេីងនៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ បន្ទាប់ពី មន្ត្រី អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃកោះហៅមកសារសួរ ។
គួរបញ្ជាក់ថា លោកវរៈសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា )អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា ជំរិតលុយប្រជាពលរដ្ឋដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួចដេីម្បីចិញ្ចឹមក្រពះ ចំនួន៥០០ ដុល្លារអាមេរិក ។ តាមរយៈភស្តុតាងនោះគឺនៅថ្ងៃទី០១ខែ មេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៥និង៣៣នាទី រសៀល ជនរង គ្រោះ បានវេលុយតាមរយៈគណនីធនាគារ ACLEDA ទៅឲ្យឈ្មោះ Thun Satouka ចំនួន ៥០០ ដុល្លារ ។
ជនរងគ្រោះបានបន្ថែមឱ្យដឹងទៀតថា ពេលជំរឹតទារ ប្រាក់ពីគាត់នោះឈ្មោះ សាធុកានេះ មិនបានបង្ហាញអត្តសញ្ញាណ របស់ខ្លួនជានគរបាលសេដ្ឋកិច្ចទេ តែអះអាងថា ខ្លួនជាមន្ត្រីគយចល័ត ដែលមានអំណាចចាប់បង្ក្រាបផលិតផលទូទាំងប្រទេស ។ ដោយមិនយល់ពីច្បាប់ និងដោយភ័យខ្លាចចំពោះការគំរាមកំហែងរបស់លោកវរសេនីយ៍ទោ សាន សាធុកា ជនរងគ្រោះក៏ឱ្យលុយ ៥០០ ដុល្លារ តាមការទាមទាររបស់លោកសាធុកាទៅ ។
បន្ទាប់ពីបានលុយចំនួន ៥០០ ដុល្លារ រួចហេីយ លោកវរៈសេនីយ៍ទោ សាន សាធុកា បានតម្រូវឲ្យជនរងគ្រោះត្រូវបង់លុយប្រចាំខែឱ្យគាត់ក្នុង១ខែ ចំនួន៣០០ ថែមទៀត ជាថ្នូរនឹងការមិនចុះចាប់ ។ ដោយមេីលឃេីញអំពើអយុត្តិធម៌បែបនេះ ម្យ៉ាងទៀតជនរងគ្រោះរកស៊ីបន្តិចបន្តួចគ្រាន់ចិញ្ចឹមកូន គ្មានលទ្ធភាពរកលុយបង់ជូនលោកសាន សាធុកា ជនរងគ្រោះក៏ទម្លាយដើម្បីឲ្យមហាជនបានដឹងជួយអន្តរាគមន៍ការពារផលប្រយោជន៍រកស៊ីរបស់គាត់ ។
ករណីមួយទៀត ប្រជាពលរដ្ឋរងគ្រោះដែលលោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ជំរឹតយកលុយ។ ករណីនេះ ជំរឹតបាន ១០០០ ដុល្លារនៅ រសៀលថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៥:២០នាទី ។
នេះជាទង្វើរបស់បុគ្គល សាន សាធុកា តែបេីមេៗប្រឹងការពារ បិទបាំង ទង្វើនេះក្លាយជាទង្វើរបស់អង្គភាព ឬ ស្ថាប័នហេីយ។ ទង្វើបែបនេះល្មមគ្រប់គ្រាន់នឹងធ្វើការវះកាត់ហើយ ។ មិនមែនត្រឹម ២ករណីនេះទេ អាចមានច្រេីនទៀត ។ ធ្វើបែបនេះ ប៉ះពាល់បងប្អូនប្រជាពលរដ្ឋខ្លាំងណាស់៕

អត្ថបទដែលជាប់ទាក់ទង