ក្រសួងចំនួន២ នឹងសហការកែលម្អក្រុងឱ្យរៀបរយធ្វើឱ្យកម្ពុជាក្លាយជារដ្ឋទំនើប

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើកិច្ចសហការក្នុងការងារកែលម្អ និងរៀបចំក្រុងឲ្យបានល្អប្រសើរ និងមានរបៀបរៀបរយ ក្នុងគោលដៅរួមគ្នារៀបចំប្រទេសកម្ពុជាឱ្យក្លាយជារដ្ឋទំនើប ។
ក្នុងកិច្ចប្រជុំពិភាក្សាការងារកែលម្អនិងរៀបចំក្រុង ការពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចការជាច្រើនដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតត្រូវរួមគ្នាអនុវត្តជាមួយក្រុមការងារជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកែលម្អនិងរៀបចំក្រុង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឱ្យកាន់តែល្អប្រសើរ មានសោភណភាព មានភាពទាក់ទាញ សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចរឹងមាំយូរអង្វែងសម្រាប់សង្គមជាតិកម្ពុជា ។
ឯកឧត្តម បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកកិច្ចការអាទិភាពទីមួយរួមមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិ និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជារយៈពេលយូរអង្វែង ។
ឯកឧត្តម សាយ សំអាល់បានគូសបញ្ជាក់ថា អ្វីដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងរៀបចំកែលម្អទាំងអស់នេះ គឺក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០៥០ ដោយប្រែក្លាយកម្ពុជាពីគំនរផេះផង់ នៃសង្គ្រាមមកទទួលបានសន្តិភាពក្នុងសម័យសម្ដេចតេជោ ហ៊ុន សែន និងបន្តមកដល់សម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាសម័យទំនើបកម្មកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង