លោក ត្រាំ ថាពន្ធគយដ៏ខ្ពស់លើទំនិញចិន ហ្នឹង «ធ្លាក់ចុះយ៉ាងខ្លាំង», សញ្ញាបន្ទន់ជំហរក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិនកាលពីថ្ងៃអង្គារ ដោយបានថ្លែងថា ពន្ធគយដ៏ខ្ពស់លើទំនិញចិននឹង «ធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវានឹងមិនសូន្យឡើយ» ចំពេលមានភាពប្រែប្រួលខ្លាំងនៅលើទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។
ការកត់សម្គាល់របស់លោក ត្រាំ ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ហាក់បង្ហាញពីការបន្ទន់វោហាសាស្ត្រ បន្ទាប់ពីមានការដំឡើងពន្ធដល់កម្រិតជាង ១៤៥% និងការប្រើសម្តីធ្ងន់ៗជាច្រើនសប្តាហ៍។ លោកបានថ្លែងក្នុងការឆ្លើយសំណួរអ្នកសារព័ត៌មានថា «១៤៥% គឺខ្ពស់ណាស់ ហើយវានឹងមិនខ្ពស់ដល់ថ្នាក់នោះទេ… វានឹងធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្តែវានឹងមិនសូន្យទេ»។
លោក ត្រាំ បានធ្វើការអត្ថាធិប្បាយនេះ នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent នៅក្នុងសន្និសីទវិនិយោគឯកជនមួយដែលរៀបចំដោយ JP Morgan Chase។ យោងតាមរបាយការណ៍របស់ CNN លោក Bessent បានប្រាប់ក្រុមអ្នកវិនិយោគថា សង្គ្រាមពាណិជ្ជកម្មជាមួយចិនគឺ «មិនបន្តរហូតទេ» ហើយលោក រំពឹងថានឹងមានការបន្ធូរបន្ថយភាពតានតឹងនៅពេលអនាគតដ៏ខ្លី ដោយគោលដៅគឺការធ្វើឲ្យពាណិជ្ជកម្មមានតុល្យភាពឡើងវិញ មិនមែនការផ្តាច់ទំនាក់ទំនងទាំងស្រុងនោះទេ។
ការលើកឡើងរបស់លោក Bessent បានជំរុញឲ្យមានការស្ទុះឡើងវិញ នៅលើទីផ្សារហ៊ុន Wall Street កាលពីថ្ងៃអង្គារ ហើយបានបន្តដល់ថ្ងៃពុធ។ ទីផ្សារហ៊ុនអាស៊ីក៏មានកំណើននៅថ្ងៃពុធផងដែរ ដោយសន្ទស្សន៍ Hang Seng របស់ហុងកុង ឡើងជាង ២% Nikkei របស់ជប៉ុនឡើងប្រហែល ២% និង Kospi របស់កូរ៉េខាងត្បូង កើន ១.៥%។
នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ និងលោក Bessent កាលពីថ្ងៃពុធ ក្រសួងការបរទេសចិន បាននិយាយដដែលៗថា សហរដ្ឋអាមេរិកគួរតែ «បញ្ឈប់ការគំរាមកំហែង និងការបង្ខិតបង្ខំ… ហើយចូលរួមជាមួយចិនដោយផ្អែកលើគោលការណ៍ស្មើភាព ការគោរពគ្នាទៅវិញទៅមក» ប្រសិនបើ សហរដ្ឋអាមេរិកពិតជាចង់បានកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា ទោះបីជាមានសញ្ញានៃការបន្ទន់ជំហរក៏ដោយ ភាពមិនច្បាស់លាស់នៅតែមានខ្ពស់ជុំវិញអនាគតនៃទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក៕