ជម្រើសជាតិតាហ្ស៊ីគីស្ថាន នឹងប្រកួតមិត្តភាពជាមួយកម្ពុជា មុនជម្រុះពានអាស៊ីជាមួយហ្វីលីពីន

ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសតាហ្ស៊ីគីស្ថាន នឹងធ្វើដំណើរពីតំបន់អាស៊ីកណ្ដាលមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីប្រកួតមិត្តភាពអន្តរជាតិនៅដើមខែមិថុនាខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងនៅក្នុងផេកហ្វេសប៊ុកផ្លូវការណ៍របស់សហព័ន្ធបាល់ទាត់តាហ្ស៊ីគីស្ថាន។
សេចក្ដីជួនដំណឹងបញ្ជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិតាហ្ស៊ីគីស្ថាន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈសម្បត្តិប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី២០២៧ ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
ក្រោយការប្រកួត ជម្រើសជាតិតាហ្ស៊ីគីស្ថានត្រូវធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនជួបជម្រើសជាតិហ្វីលីពីនជម្រុះពានអាស៊ី២០២៧ នៅទីក្រុងកាប៉ាស ក្នុងពហុកីឡដ្ឋាន New Clark City ជាទីដែលហ្វីលីពីនធ្វើម្ចាស់ស៊ីហ្គេមកាលពីឆ្នាំ២០១៩។
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៣ ខែមេសាថា ពិតជាមានការប្រកួតនេះមែន។លោកបន្តថាតាមពិតទៅជម្រើសជាតិទាំងពីរបានជជែកគ្នាពីការប្រកួតមិត្តភាពអន្តរជាតិជាមួយគ្នាជាងមួយឆ្នាំហើយ តែមិនទាន់មានពេលសមស្រប ទើបតែពេលនេះ។
សូមរម្លឹកថាពីរប្រកួតមិត្តភាពអន្តរជាតិផ្លូវការរបស់កម្ពុជាក្នុងហ្វីហ្វាដេ កាលពីខែមីនា កម្ពុជាចាញ់វៀតណាម ២ទល់នឹង១ក្រៅដី និងចាញ់អារួបា ២ទល់នឹង១ក្នុងដី។
ចំណែក តាហ្ស៊ីគីស្ថានបើកយុទ្ធនាការជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីជុំទី៣ក្នុងពូលA ដោយយកឈ្នះទីម័រខាងកើត ១ទល់នឹង០ នៅទឹកដីរបស់ខ្លួនទីក្រុងឌូស្ហាន់បេ។
គិតត្រឹមពេលនេះ ក្រុមបាល់ទាត់ជម្រើសជាតិតាហ្ស៊ីគីស្ថានមានចំណាត់ថ្នាក់លេខ១០៤ និងកម្ពុជាមានចំណាត់ថ្នាក់លេខ១៨១ក្នុងតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោករបស់ហ្វីហ្វា៕

អត្ថបទដែលជាប់ទាក់ទង