ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមជាអធិបតីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលគម្រោងស្ដីពីការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា
នៅទីស្ដីការក្រសួង នាថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្ត ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាអធិបតីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលគម្រោងស្ដីពីការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម ប្រធាននាយកដ្ឋានក្រោមឱវាទក្រសួង លោកស្រី MIURA Yoshiko អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) មន្ត្រីជាន់ខ្ពស់JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Sakae Ohyama ប្រធានទីប្រឹក្សាបច្ចេកទេសគម្រោង ព្រមទាំងជំនាញការប្រចាំគម្រោង មន្ត្រីគម្រោង និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៤៥នាក់។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនាព្រឹកនេះ គឺផ្តោតសំខាន់នៃការពិនិត្យលើវឌ្ឍនភាពការងាររបស់គម្រោងដែលបានអនុវត្តមួយរយៈកន្លងមករហូតមកទល់ពេលបច្ចុប្បន្ននេះ និងផែនការបន្តសម្រាប់ឆ្នាំ២០២៥។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា គម្រោងការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់ក្នុ្ងងការកសាង និងការពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួង តាមរយៈការផ្ទេរចំណេះដឹងពីជំនាញការបច្ចេកទេសជប៉ុនប្រចាំគម្រោង និងការបើកវគ្គបណ្តុះបណ្តាលលើការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារាសាស្ត្រ។ ទន្ទឹមនឹងនេះដែរ គម្រោងនេះនឹងផ្តល់ជាមូលដ្ឋានបចេ្ចកទេសរួមសម្រាប់ការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារាសាស្ត្រឱ្យមានសង្គតិភាពគ្រប់គម្រោងដែលប្រើប្រាស់ថវិកាជាតិ និថវិកាដៃគូអភិវឌ្ឍន៍ នាពេលអនាគត។
សូមបញ្ជាក់ថា គម្រោងការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាមានរយៈពេល ៤ឆ្នាំ ដែលបានចាប់ផ្តើមដំណើរការសកម្មភាពគម្រោងតាំងពីខែមីនា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕