បង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់ នៅស្រុកចំនួនពីរ ខេត្តកំពង់ចាម
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មខេត្តកំពង់ចាម អធិកាដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម និងអាជ្ញាធរស្រុកព្រៃឈរ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន នៅក្នុងស្រុកព្រៃឈរ និងស្រុកំពង់សៀម ខេត្តកំពង់ចាម។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ឧបករណ៍ខុសច្បាប់ដែលរឹបអូបបាន និងបំផ្លាញចោល នៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមមាន ឧករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០៦គីឡូក្រាមចូលបឹងធម្មជាតិវិញ។ ចំណែក ឧបករណ៍ខុសច្បាប់ដែលរឹបអូសបាន និងបំផ្លាញចោលនៅចំណុចទំនប់ជ្រោយចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមមាន ឧករណ៍លូស្បៃមុងចំនួន ០៦មាត់ របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ បង្គោលចម្រឹងចំនួន ៥០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០៣គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ក៏បានប្រជុំនៅខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្រី្ត និងពង្រឹងការងារ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ចាមថែមទៀតផង៕