នាយឧត្តមសេនីយ៍ ស ថេត វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាលទាំងអស់ ក្នុងកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍សំខាន់ៗ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផលការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាប្រធាននាយកដ្ឋាននគរបាលការពារ និងលោកស្រីឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា ជាអនុប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា មុនប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋាននគរបាលការពារ លោកមានតួនាទីជា ស្នងការរង នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្ដុភារ។ ដោយឡែក លោកស្រីឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា មានតួនាទីជា អនុប្រធានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលទាំងអស់ ក្នុងកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍សំខាន់ៗកន្លងទៅ ពោលគឺ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងសង្ក្រាន្ដនៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ព្រមទាំងដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយកនាយករដ្ឋមន្ដ្រីថៃ នៅកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់ទុកនេះជាការលះបង់កម្លាំងកាយចិត្តដ៏ធំធេងរបស់កងកម្លាំងនគរបាលជាតិទាំងមូល ក្នុងការអនុវត្តនូវតួនាទី ភារកិច្ចយ៉ាងម៉ឺងម៉ាត់ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ចារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវអន្ដរជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីជាប្រធាននាយកដ្ឋាននគរបាលការពារ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសអនុវត្តតាមគំរូល្អៗប្រធាននាយកដ្ឋានចាស់ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ដើម្បីអង្គភាពកាន់តែមានការរីកចម្រើន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា នាយកដ្ឋាននគរបាលការពារ ជាអង្គភាពមួយដែលដើរតួនាទីសំខាន់ ក្នុងការការពារសន្ដិសុខ និងសុវត្ថិភាពនៅតាមបណ្ដាស្ថានទូត និងនិវេសន្ដដ្ឋានរបស់អង្គទូត ព្រមទាំងក្រសួង ស្ថាប័នទាំងអស់នៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយសន្តិសុខ សុវត្ថិភាព ជារឿងដែលត្រូវផ្ដោតការយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពបន្ថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា កម្លាំងនាយកដ្ឋាននគរបាលការពារ ដែលឈរជើងការពារនៅតាមបណ្ដាញស្ថានទូត និវេសន្ដដ្ឋាន ក្រសួង ស្ថាប័ន គឺជាកម្លាំងដែលតំណាងឲ្យស្ថាប័ននគរបាលទាំងមូល នៅចំពោះមុខតំណាងរដ្ឋាភិបាល ឬរាជរដ្ឋាភិបាលបណ្ដាប្រទេសនានាដែលដាក់ទូតនៅកម្ពុជា ដូច្នេះហើយត្រូវតែគោរពវិន័យ ស្មោះត្រង់ ចំពោះវិជ្ជាជីវៈ និងម៉ឺងម៉ាត់ជាមួយការងារ។
ដោយសារតែពិធីនេះរួមគ្នាជាមួយកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃលទ្ធផលការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ដែរនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានក្រើនរំលឹកកម្លាំងនគរបាលពាក់ព័ន្ធ ពិសេសនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវបន្ដរួមសហការគ្នាធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍កុំឲ្យកើនឡើង ដោយបូកជាមួយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ និងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅ ដែលមានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាជាមួយឆ្នាំកន្លងទៅ។ ការធ្លាក់ចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋ និងម្យ៉ាងដោយសារការខិតខំប្រឹងប្រែងផ្សព្វផ្សាយអប់រំរបស់នគរបាលចរាចរណ៍។

អត្ថបទដែលជាប់ទាក់ទង