បុរសម្នាក់បានរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវរថយន្ត១គ្រឿង បើកមកបុកទាំងកំរោល
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវរថយន្ត១គ្រឿងបើកវ៉ាជែងមកបុកទាំងកំរោល ។ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់បើកបររថយន្ត ហុងដាស៊ីវិច ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា CRS.5569 តាមបណ្តោយផ្លូវកែវចិន្តា ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបើកវ៉ាជែងរថយន្ត១គ្រឿងទៀតបណ្តាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 1I-4935 ដែលបើកបរក្នុងទិសដៅពីកើតមកលិចបញ្រ្ចាសទិសគ្នាចំពេញទំហឹងបណ្តាលឱ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រនិងម្ចាស់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
សមត្ថកិច្ចជ្រោយចង្វា បានចុះមកដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនម្ចាស់រថយន្ត ព្រមទាំងនាំខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលរដ្ឋបាលជ្រោយចង្វា ចំណែកម៉ូតូជនរងគ្រោះនិងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕