ប្រភព ៖ លោក Trump ត្រៀមផ្តល់ជូនអារ៉ាប៊ីសាអ៊ូឌីត នូវកញ្ចប់សព្វាវុធតម្លៃជាង ១០០ពាន់លានដុល្លារ
ប្រភពចំនួន៦ ដែលដឹងផ្ទាល់ពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិកត្រៀមផ្តល់កញ្ចប់សព្វាវុធដល់អារ៉ាប៊ីសាអ៊ូឌីត តម្លៃជាង ១០០ពាន់លានដុល្លារ ដោយនិយាយថា សំណើនេះត្រូវបានត្រៀមសម្រាប់ការប្រកាស ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ព្រះរាជាណាចក្រមួយនេះក្នុងខែឧសភា។
កញ្ចប់អាវុធដែលផ្តល់ជូននេះ កើតឡើងបន្ទាប់ពីរដ្ឋបាលរបស់លោកអតីតប្រធានាធិបតីអាមេរិក Joe Biden បានព្យាយាមតែមិនជោគជ័យ ក្នុងការសម្រេចកិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុងរីយ៉ាដ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទូលំទូលាយដែលអាចមើលឃើញអារ៉ាប៊ីសាអ៊ូឌីត ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល។
ប្រភពមន្ត្រីការពារជាតិអាមេរិកបាននិយាយថា “ទំនាក់ទំនងការពារជាតិរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយអារ៉ាប៊ីសាអ៊ូឌីត គឺរឹងមាំជាងពេលណាៗទាំងអស់ ក្រោមការដឹកនាំជាថ្មីរបស់លោក Trump”។ គួររម្លឹកថា ក្នុងអាណត្តិដំបូងរបស់ខ្លួន លោក Trump បានអបអរការលក់សព្វាវុធទៅឱ្យអារ៉ាប៊ីសាអ៊ូឌីត ថាជារឿងល្អណាស់សម្រាប់វិស័យការងាររបស់អាមេរិក។
ប្រភពបានបន្ថែមថា មានក្រុមហ៊ុនជាច្រើនដែលចូលរួមក្នុងកញ្ចប់នោះ រួមទាំងក្រុមហ៊ុន Lockheed Martin Corp និងសារជីវកម្ម RTX Corp ហើយអាចនឹងផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធទំនើបៗខុសប្លែកគ្នាជាច្រើនប្រភេទ រួមទាំងយន្តហោះដឹកជញ្ជូន C-130 ដែលនឹងរួមបញ្ចូលការផ្គត់ផ្គង់ពីអ្នកម៉ៅការការពារជាតិសំខាន់ៗផ្សេងទៀតរបស់អាមេរិក ដូចជាក្រុមហ៊ុន Boeing Co ក្រុមហ៊ុន Northrop Grumman Corp និង General Atomics ជាដើម៕