បុរសម្នាក់វាយប្រពន្ធស្លា..ប់ រួចរត់ទៅចងក សម្លាប់ឯងតាមក្រោយ សង្ស័យជារឿងភ្លើងប្រចណ្ឌ័

(ស្វាយរៀង) ៖ ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដីវាយបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធម្ម រួចបុរសជាប្ដីបានរត់គេចខ្លួនចូលក្នុងព្រៃ ចងក បញ្ចប់ជីវិតខ្លួនឯងតាមក្រោយ ចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី ល្ងាចថ្ងៃទី២៤ខែមេសាឆ្នាំ២០២៥ នៅចំណុចផ្ទះជនរងគ្រោះទល់មុខវត្តក្រោលគោ ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីឃាតកម្ម ប្ដីវាយប្រពន្ធបែកក្បាលស្ដាប់ ភ្លាមៗ លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញនិងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះដល់កន្លែងកើតហេតុ តាមរកជនសង្ស័យ និងដាក់កម្លាំងព័ទ្ធភូមិដែលជនសង្ស័យរត់ចូលទៅពួនក្នុងព្រៃ ខណ:ពេលសមត្ថកិច្ច រុករក ក៏ប្រទះឃើញជនសង្ស័យ បានយកខ្សែពួរចងក និងដើមស្តៅសម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានបន្តថា បន្ទាប់មកលោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តម ស្នងការ និង បានសុំយោបល់លោកខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងការពារកន្លែងកើតហេតុនិងបានចងខ្សែហុំព័ទ្ធជុំវិញកន្លែងកើតហេតុទាំង២រង់ចាំជំនាញខេត្តនិងគ្រូពេទ្យមកធ្វើកោសល្យវិច្ច័យ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ នូ សុជាតិ អាយុ៤៣ឆ្នាំ មុខរបរលក់កាហ្វេ គុយទាវ ស៊ុប ស្នាក់នៅផ្ទះកើតហេតុ ។ចំណែកជនសង្ស័យជាប្ដី មានឈ្មោះ ប្រែង ផល្លា អាយុ៥៦ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅ កន្លែងកើតហេតុបានឲ្យដឹងថា ប្ដីប្រពន្ធពីរនេះ ពួកគាត់តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ រៀង រាល់ថ្ងៃ មិនសូវលុះពេលនោះឡើយ ខណៈនៅថ្ងៃកើតហេតុគេឮសំឡេងឈ្លោះប្រកែកគ្នា តែគេមិនចាប់អារម្មណ៍ឡើយ លុះមួយសន្ទុះក្រោយមកក៏ស្ងាត់លែងឮមាត់បន្ទាប់មកគេឃើញបុរសជាប្ដីបានចេញមកខាងក្រៅផ្ទះ ហើយចាក់សោរផ្ទះពីខាងក្រៅរួចគេចខ្លួនទៅចូលក្នុងព្រៃចងក សម្លាប់ខ្លួនឯងតាមក្រោយ។
លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌអធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា នៅមុនពេលកើតហេតុសង្ស័យឈ្មោះ ប្រែង ផល្លាបានយកសោដែក (ម៉ាឡេត)វាយលើប្រពន្ធ បណ្តាលឲ្យផុងលលារស្លាប់នៅកន្លែងកើតហេតុ ក្រោយពីប្រព្រឹត្តបទល្មើសរួចជនសង្ស័យបានរត់គេចខ្លួន និងធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនឯងតាមក្រោយ។ ដកហូតវត្ថុតាងមាន សោដែក (ម៉ាឡេត) ០១ដើម ៕

អត្ថបទដែលជាប់ទាក់ទង