មនុស្ស ៦នាក់បានស្លា..ប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនគរបាលខ្នាតតូចនៅប្រទេសថៃ
នគរបាលថៃ បាននិយាយថា យន្តហោះនគរបាលខ្នាតតូចមួយគ្រឿង បានធ្លាក់នៅជិតច្រាំងសមុទ្រនៃទីក្រុងរមណីយដ្ឋាន Hua Hin ខេត្ត Phetchaburi របស់ប្រទេសថៃ នៅថ្ងៃសុក្រ ២៥ មេសា នេះ ដោយបានសម្លាប់មនុស្ស ៦នាក់។
នគរបាលជាតិថៃ បាននិយាយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា យន្តហោះរបស់អង្គភាពអាកាសចរណ៍នគរបាល បានធ្លាក់ចូលទៅក្នុងសមុទ្រ ភ្លាមៗបន្ទាប់ពីបានហោះឡើង ដោយអ្នកជិះលើយន្តហោះទាំង ៦នាក់បានស្លាប់។
នគរបាលបន្តថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះនោះកំពុងធ្វើការហោះហើរសាកល្បងសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោង ខណៈមូលហេតុនៃគ្រោះថ្នាក់នឹងត្រូវស៊ើបអង្កេត។
មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់របស់នគរបាលខេត្ត Phetchaburi និយាយថា ខ្លួនបានទទួលការជូនដំណឹងអំពីហេតុការណ៍ធ្លាក់យន្តហោះ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ នៅជិតរមណីយដ្ឋានក្នុងស្រុកមួយនៅម៉ោងប្រហែល ៨:១៥នាទីព្រឹកមិញនេះ៕