សិក្ខាកាម ៨៥រូប បញ្ចប់វគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី៣ ក្រុមទី១)
សិក្ខាកាមសរុបចំនួន៨៥រូប ស្រី២៥រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី៣ ក្រុមទី១) សម្រាប់មន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ។
លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានលើកឡើងថា កម្មវិធីសិក្សា មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានដាក់បញ្ចូលវិធីសាស្រ្តអនុវត្ត សម្រាប់ប្រធានបទសំខាន់ៗចំនួន២ រួមមាន៖ ១. មុខវិជ្ជាការអភិវឌ្ឍការរៀបប្លង់មេរៀន និង ២. មុខវិជ្ជាការអភិវឌ្ឍកិច្ចតែងការបង្រៀន ដែលមុខវិជ្ជា គឺអនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សា ពេលវេលាក្នុងការបង្រៀន កំណត់រយៈពេលនៃមេរៀន ជំហានទាំង ៥ នៃការបង្រៀន មានប្រសិទ្ធភាពនៃការបង្រៀន មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។
នាឱកាសនោះលោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា វគ្គបណ្តុះបណ្តាល៤ថ្ងៃនេះ បានផ្សារភ្ជាប់ នឹងគោលនយោបាយអភិវឌ្ឍមូលធនមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុសុ្ស ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ ដែលអាចយកទៅប្រើប្រាស់ពោពេញដោយសមត្ថភាព ប្រសិទ្ធភាព អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅតាមតម្រូវការ។ ហើយវគ្គបណ្តុះបណ្តាលនេះដែរ ពិតជាបានរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ ដែលមានតួនាទីបង្រៀន ឱ្យយល់កាន់តែច្បាស់ពីជំហាននៃការបង្រៀន វត្ថុបំណង នៃមេរៀន និងអាចគ្រប់គ្រងបាននូវសកម្មភាពរបស់ខ្លួនក្នុងពេលបង្រៀន និងសកម្មភាពសិស្សក្នុង ពេលរៀនបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះដែរ គ្រូក៏អាចវាយតម្លៃអំពីគុណភាពនៃការបង្រៀន ព្រមជាមួយនិងគុណផលរបស់សិស្ស។
ជាចុងក្រោយលោកជំទាវ រដ្ឋលេខាធិការ ក៏ស្នើសុំឱ្យសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បន្តបើកវគ្គបណ្តុះបណ្តាល ជំនាញទន់ (soft skill) ផ្សេងៗទៀត ដែលផ្តល់លទ្ធភាពក្នុងការកសាងសមត្ថភាពលោកគ្រូ អ្នកគ្រូ សាលាមធ្យមវិចិត្រសិល្បៈ ឱ្យកាន់តែមានភាពរឹងមាំក្នុងការផ្ទេរចំណេះដឹង ទាំងចំណេះដឹងទូទៅ និងជំនាញមរតកដូនតា ទៅកូនក្មួយ និងចៅៗនៃសាលាមធ្យមវិចិត្រសិល្បៈផងដែរ៕