រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្ដ្រី បុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ខេត្ដស្ទឹងត្រែង ដោយឥតព្រាងទុក

ស្ទឹងត្រែង ៖ នាថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពស្រែសំបូរ ដែលស្ថិតនៅភូមិកញ្ចាញគោក ឃុំស្រែកសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្នុងការចុះពិនិត្យនេះដែរ លទ្ធផលជារួមបានកត់សម្គាល់ឃើញថា មណ្ឌលសុខភាពស្រែសំបូរ មានបុគ្គលិកប្រចាំការ មានឥរិយាបថល្អ ហេដ្ឋារចនាសម្ព័ន្ធសមរម្យ ការទុកដាក់ឱសថ បរិក្ខារបានសមរម្យ និងការរក្សាទុកវ៉ាក់សាំងសមស្របតាមបច្ចេកទេស។ ក្នុងនោះដែរ យោងតាមរបាយការណ៍កត់ត្រា នៅមណ្ឌលសុខភាពនេះ ទោះបីនៅឆ្ងាយដាច់ស្រយាលក៏ដោយ ក៏មានប្រជាជនមកទទួលសេវាបានសមរម្យ និងជាប់ជាប្រចាំ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះទឹកចិត្ត និងការខិតខំប្រឹងប្រែង របស់បុគ្គលិកសុខាភិបាល ទោះនៅបម្រើសេវា នៅក្នុងតំបន់ទីដាច់ស្រយាលក្តី តែបានបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អ ហើយប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដោយមិនទុក្ខឱ្យពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនណាមួយ មិនបានទទួលសេវាថែទាំ ព្យាបាលពីមណ្ឌលសុខភាពឡើយ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំ និងជំរុញលើកទឹកចិត្តឱ្យមន្ត្រី ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ថែមទៀតពីថ្នាក់ខេត្ត-រាជធានីភ្នំពេញ និងត្រូវចេះរំលែកគ្នា សហការគ្នា សាមគ្គីភាព ដើម្បីធ្វើយ៉ាងណាការបម្រើសុខភាពដល់ប្រជាពលរដ្ឋ នៅក្នុងភូមិស្រុកដ៏សែនឆ្ងាយមួយនេះ កាន់តែល្អប្រសើរជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង