ព្រះសង្ឃនិងគណៈកម្មការអាចារ្យក្រុងបាវិតខេត្តស្វាយរៀង នាំគ្រឿងឧបភោគបរិភោគបច្ច័យទៅប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុង
ស្វាយរៀង ៖ ព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្តក្រុងបាវិត ខេត្តស្វាយរៀងចំនួន ១៩ វត្ត ដឹកនាំដោយព្រះវិសាលធម្មគុណ ទេព វាសនា ព្រះអនុគណក្រុងបាវិត នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៥ នេះបាននាំយកគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួន ទៅផ្ដល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ដើម្បីត្រៀមឆ្លើយតបនិងចែកជូនដល់ ពលរដ្ឋដែលប្រឈមទៅនឹងគ្រោះធម្មជាតិជំងឺដង្កាត់ផ្សេងៗដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រោមវត្តមានលោកលឹម សៀងហេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងជាអភិបាលក្រុងបាវិត។
ព្រះវិសាលធម្មគុណ ទេព វាសនា ព្រះអនុគណក្រុងបានមានថេរៈបដិការបញ្ជាក់ថា ការនាំគ្រឿងឧបភោគបរិភោគយកមកផ្ដល់ជូនដល់អនុស្សាកាកបាទក្រហមកម្ពុជាក្រុងថ្ងៃនេះគឺជាការរួមចំណែករំលែកជាមួយនឹងរដ្ឋបាលក្រុងដើម្បីត្រៀមឆ្លើយតប ចែកផ្ដល់ជូនដល់ពលរដ្ឋដែលប្រឈមទៅនឹងគ្រោះមហន្តរាយដោយធម្មជាតិជំងឺដង្កាត់ ខណៈដែលកន្លងមកការងារសង្គ្រោះរបស់រដ្ឋបាលក្រុងក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជាក្រុង មានតម្រូវការសម្ភារៈច្រើនដែលត្រូវចែកផ្ដល់ជូនពលរដ្ឋដែលជួបការលំបាក។
ជួសមុខឱ្យប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត លោកស្រីជូនសុវណ្ណារីប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត បានមានប្រសាសន៍ ដោយបាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រគេន និងជូនដល់គណៈកម្មការអាចារ្យវត្ត ព្រមទាំងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកព្រះហទ័យដ៏ជ្រះថ្លារបស់ព្រះសង្ឃគ្រប់ព្រះអង្គ ដែលតែងតែបានបរិច្ចាគទេយ្យទានជាបន្តបន្ទាប់ក្នុងការចូលរួមចំណែកយ៉ាងសកកម្មចំពោះការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាដើម្បីធ្វើឱ្យវិស័យ មនុស្សធម៌មួយនេះកាន់តែមានលទ្ធភាពបន្ថែមទៀត ។
ក្នុងនាមអនុសាខា លោកស្រី នូវបានបញ្ជាក់ថា គ្រឿងឧបភោគបរិភោគនិងសម្ភារ ទាំងអស់នេះ អនុសាខានិងនាំយកទៅចាត់ចែងចែកជូនបន្តដល់ពលរដ្ឋដែលជួបប្រទះនូវការលំបាក ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលឱ្យសមនិងបំណង ទឹកព្រះហទ័យរបស់ព្រះអង្គដែលជាម្ចាស់ទាន។
សូមបញ្ជាក់ថាក្រុងបាវិតនៅដើមខែមេសារហូតមកដល់ថ្ងៃនេះក្រុង មានសង្កាត់ចំនួន២បានប្រឈមទៅនឹងគ្រោះធម្មជាតិខ្យល់កន្ត្រាក់បង្កឲ្យផ្ទះនិងសម្ភារៈរបស់ពលរដ្ឋចំនួន៣គ្រួសារបានរប៉ះពលនិងខូចខាត។