ភ្លៀង១មេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ផង បានបក់បោកបណ្ដាលឲ្យបង្គោលភ្លើងច្រើនដើម ដែលស្ថិតនៅបបេះមាត់ប្រឡាយទឹក រលើងគល់ដួលរលំ និងបាក់ធ្លាក់ខ្សែកាប្លិ៍ភ្លើងរាយប៉ាយកាត់ទទឹងផ្លូវជាបន្តបន្ទាប់

ភ្នំពេញ ៖ ភ្លៀង១មេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ផង បានបក់បោកបណ្ដាលឲ្យបង្គោលភ្លើងច្រើនដើម ដែលស្ថិតនៅបបេះមាត់ប្រឡាយទឹក រលើងគល់ដួលរលំ និងបាក់ធ្លាក់ខ្សែកាប្លិ៍ភ្លើងរាយប៉ាយកាត់ទទឹងផ្លូវជាបន្តបន្ទាប់ ក្នុងនោះមាន១ដើម សង្កត់លើរទេះលក់នំបុ័ង ១គ្រឿង បណ្ដាលឲ្យរងការខូចខាតផងដែរ ។
កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកភូមិនោះបាននិយាយថា បង្គោលភ្លើង ដែលដួលរលំទាំងអស់ សរុបចំនួន៨ដើម ជាបង្គោលបេតុង ក្នុងនោះ ៧ដើម ស្ថិតនៅបបេះមាត់ប្រឡាយទឹក ចំណែក ១ដើមទៀត ដែលមានបំពាក់ត្រង់ហ្វូ ស្ថិតនៅលើគោក លើចិញ្ចើមផ្លូវ ។ ដោយឡែក កាលពីពេលថ្មីកន្លងទៅនេះ អាជ្ញាធរ បានធ្វើការស្ដារប្រឡាយនោះ ដើម្បីរំដោះទឹកកុំឲ្យលិចលង់ភូមិឋាននានា ជាហេតុធ្វើឲ្យគ្រឹះបង្គោលភ្លើងរាក់ មួយចំហៀង គ្មានដីទប់ ទើបនៅពេលមានភ្លៀង និងខ្យល់ បណ្ដាលឲ្យរលើង គល់ដួលរលំ បែបនេះតែម្ដង ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា នៅវេលាម៉ោងខាងលើ មេឃចាប់ផ្ដើមងងឹត រួចក៏បានធ្លាក់ភ្លៀង១មេ លាយឡំនឹងខ្យល់កន្ត្រាក់បោកបក់មកខ្លាំងដែរ ខណៈនោះ បានធ្វើឲ្យខ្សែកាប្លិ៍ភ្លើង នៅលើបង្គោលយោលយោគៗចុះឡើងៗ ។ លុះបន្តិចក្រោយមក ស្រាប់តែបង្គោលភ្លើងចំនួន ៧ដើម ដែលស្ថិតនៅបបេះមាត់ប្រឡាយទឹក បានរលើងគល់ដួលរលំជាបន្តបន្ទាប់ និងទាញបង្គោលត្រង់ហ្វូ ដែលនៅលើគោក ១ដើមទៀតបាក់ដួលរាបដល់ដី និងធ្លាក់ខ្សែកាប្លិ៍ភ្លើងរាយប៉ាយកាត់ទទឹងផ្លូវ ។ នៅក្នុងខណៈមេឃកំពុងភ្លៀងនោះផងដែរ ក៏មានអ្នកលក់នំបុ័ងតាមរទេះ បានទៅឈប់ជ្រកភ្លៀងនៅក្នុងផ្ទះមួយជិតនោះ ដោយបានចតរទេះនំបុ័ង នៅតាមផ្លូវ ស្រាប់តែបង្គោលភ្លើងរលំសង្កត់រទេះនំបុ័ង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ពេលនោះជាសំណាងល្អ ដែលពុំបានបណ្ដាលឲ្យមាននរណាម្នាក់គ្រោះថ្នាក់ឡើយ ហើយភ្លាមៗនោះអ្នកដំណើរពុំហ៊ានឆ្លងកាត់តាមផ្លូវនោះទេ ព្រោះខ្លាចចរន្តអគ្គិសនីឆក់ស្លាប់ ។
ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ជូនមន្ត្រីអគ្គិសនីកម្ពុជា ឲ្យចុះទៅធ្វើការជួសជុលដូរបង្គោលថ្មី និងភ្ជាប់ប្រព័ន្ធជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង