UN ៖ ជនស៊ីវិលជាង៤៨០នាក់ស្លាប់ក្នុងតំបន់ដាហ្វួរខាងជើងរបស់ស៊ូដង់ ក្នុងពេលជាង២សប្ដាហ៍

យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ជនស៊ីវិលជាង៤៨០នាក់បានស្លាប់ក្នុងការវាយប្រហារនៅក្នុងតំបន់ដាហ្វួរខាងជើង(North Darfur)របស់ប្រទេសស៊ូដង់ក្នុងរយៈពេលពីរសប្តាហ៍ក្នុងខែនេះ ដោយមានការវាយប្រហារមួយចំនួនត្រូវបានជំរុញដោយជនជាតិភាគតិច។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថាខ្លួនបានចុះបញ្ជីជនស៊ីវិលយ៉ាងហោចណាស់៤៨១នាក់ ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ដាហ្វួរខាងជើង ចាប់តាំងពីថ្ងៃទី១០ ខែមេសា ហើយថា ចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះ។
ប្រភពខាងលើក៏បានរាយការណ៍អំពីអំពើហិង្សាផ្លូវភេទដែលរីករាលដាលនៅក្នុងតំបន់នេះផងដែរ រួមទាំងប្រព្រឹត្តទៅលើក្មេងប្រុស និងក្មេងស្រី ដោយហៅអំពើនេះថាជារឿងគួរឱ្យរន្ធត់។
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឈឺចាប់របស់ប្រជាជនស៊ូដង់គឺពិបាកនឹងស្រមៃ ពិបាកយល់ និងមិនអាចទទួលយកបាន ។
តំបន់ដាហ្វួរខាងជើងរបស់ប្រទេសស៊ូដង់ បានក្លាយជាសមរភូមិដ៏សំខាន់នៅក្នុងសង្រ្គាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពរបស់ប្រទេសស៊ូដង់ ដែលដឹកនាំដោយ ដោយលោក Abdel Fattah al-Burhan និងកងកម្លាំងប្រដាប់អាវុធកងទ័ពប៉ារ៉ារហ័ស RSF ដែលដឹកនាំដោយអតីតអនុប្រធានាធិបតីរបស់លោក គឺ លោក Mohamed Hamdan Daglo ។
មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម ដែលបានបង្កឱ្យមានអ្វីដែលអង្គការសហប្រជាជាតិហៅថាជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង