សម្ដេច ស ខេង ៖ សាសនាព្រះពុទ្ធបានផ្តល់ជំនឿយ៉ាងមុតមាំដល់ពុទ្ធសាសនិក តាមរយៈវត្តអារាមដែលជាកន្លែងជួយទ្រទ្រង់នូវធម៌របស់ព្រះពុទ្ធ
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ស្ថិតភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងគ្រប់ប្រភេទ នៃខេត្តព្រះសីហនុ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អ្នកវិនិយោគទុន និងសង្គមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត និងទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។
ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងបងប្អូនសប្បុរសជន ដែលបានបរិច្ចាគនូវធនធាន សម្ភារៈយ៉ាងច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញ ស្មារតី ក្នុងការចូលរួមលើកស្ទួយវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានខេត្តព្រះសីហនុ។
សម្តេចមានប្រសាសន៍បន្តថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានប្រជាជនភាគច្រើនបានដើរតាមមាគ៌ារបស់ព្រះពុទ្ធ ហើយសាសនាព្រះពុទ្ធបានផ្តល់ជំនឿយ៉ាងមុតមាំដល់ពុទ្ធសាសនិកផងដែរ តាមរយៈវត្តអារាមដែលជាកន្លែងជួយទ្រទ្រង់នូវធម៌របស់ព្រះពុទ្ធ ដែលបានជួយអប់រំ និងកសាងសហគមន៍ តាំងពីអតីតកាលរហូតមកដល់នាពេលបច្ចុប្បន្ន ទើបរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ វត្តអារាមបានបង្កលក្ខណៈឲ្យសង្គមគ្រួសារខ្មែរចេះដឹងខាងវិធីសម្របសម្រួលដោះស្រាយរាល់បញ្ហាលំបាកដោយប្រកាន់នូវធម៌មេត្តា ករុណា សណ្ដោសប្រណី ចេះអប់រំគ្នាតាមផ្លូវធម៌ និងច្បាប់ទៀតផង។ វត្តអារាមជាប្រភពផ្តល់នូវចំណេះដឹងខាង ពុទ្ធចក្រ និងអាណាចក្រ បានសេចក្តីថា រាល់បញ្ហានៅក្នុងសហគមន៍ គឺមានព្រះសង្ឃ អាចារ្យ ពុទ្ធបរិស័ទ ចូលរួមដោះស្រាយ។ វត្តអារាមមានតួនាទីសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដូចជាការធ្វើចលនាកៀរគរជំនួយដើម្បីកសាងវត្តអារាម សាលារៀន មន្ទីពេទ្យ ស្ពានថ្នល់។ល។ ម្យ៉ាងទៀតវត្តអារាម ក៏ចូលរួមចំណែកដោះស្រាយការងារសង្គមដែរ ដូចជាការទទួលឧបត្ថម្ភកន្លែងស្នាក់អាស្រ័យរៀនសូត្រដល់កុមារកំព្រា កុមារជាកូនគ្រួសារជនក្រីក្រ ការជួយឧបត្ថម្ភគាំទ្រដល់ជនវ័យចាស់ រៀនធម៌ជាអាថ៌ ដែលអាចធ្វើឱ្យជនទាំងនោះមានសេចក្តីសង្ឃឹមក្នុងជីវិតរស់នៅ។ រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្មរវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកបក្ខពួកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់អោយ ក្លាយជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ អប់រំទូន្មានមនុស្ស លើកតម្កើងសីលធម៌សង្គម។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចបានផ្តល់អនុសាសន៍មួយចំនួនរួមមាន៖ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញការផ្សព្វផ្សាយអប់រំលើកកម្ពស់ការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា។ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។ ទន្ទឹមនេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការសកម្មភាពអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួនដូចជា ការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថាន និងជំងឺឆ្លងរាតត្បាតនានានៅតាមមូលដ្ឋាននីមួយៗ។ ជាមួយនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សយើង ក្តីបារម្ភក៏លេចឡើងមកជាមួយគ្នាដែរនៅពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងយើងឃើញមានរូបភាព នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើងនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។
ក្នុងន័យនេះ សម្តេចសូមស្នើឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋទាំងអស់ក្នុងនោះមានទាំងក្មួយៗ ជាសិស្សានុសិស្សដែរ សូមយកចិត្តទុកដាក់ចូលរួមបង្ការ ទប់ស្កាត់អំពើ ឆបោក តាមប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។ សូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ត្រូវប្រកាន់ខ្ជាប់នូវធម៌ព្រះពុទ្ធ ដើម្បីជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ដល់ពុទ្ធសាសនិកជំនាន់ក្រោយ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីប្រែក្លាយឲ្យទៅជាកម្លាំងចលករ ដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យ កាន់តែរឹងមាំល្អផូរផង់។
បន្ថែមលើនេះ សម្តេចសូមព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរឡើងតាមព្រះវិន័យតាមឋានានុក្រម ដើម្បីពង្រឹងនូវការ ឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគម្រូល្អដល់ពុទ្ធបរិស័ទ។ សូមអាចារ្យ-អាចារិនីបង្កើនសាមគ្គីភាពល្អជាមួយពុទ្ធបរិស័ទ ដើម្បីបម្រើព្រះពុទ្ធសាសនា និងប្រជាជនគ្រប់មជ្ឈដ្ឋាន រក្សាឱ្យបាននូវប្រពៃណីវប្បធម៌ដ៏ល្អ ផូរផង់របស់ខ្មែរយើង និងចូលរួមចំណែកអប់រំ សំដៅលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្សក្មេងទំនើងជាដើម។ បន្ថែមលើនេះ អាចារ្យ-អាចារិនី និងពុទ្ធបរិស័ទមិនត្រូវសម្តែងសកម្មភាពណាមិនសមរម្យចំពោះព្រះសង្ឃ ដែលជាហេតុនាំឱ្យកើតមាននូវវិវាទធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់វត្ត ក៏ដូចជាកិត្យានុភាព នៃព្រះពុទ្ធសាសនាជាតិយើងឡើយ ៕