សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថ្ងៃទី២៧ ខែមេសា ខាងមុខនេះ ដើម្បីជួបឪពុកម្ដាយនិងកុមារី ដែលគួរឲ្យអាណិត និងរៀបចំគ្រួសារនេះ នៅគេហដ្ឋានរបស់សម្ដេចផ្ទាល់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកំណត់ថ្ងៃទី២៧ ខែមេសា ខាងមុខនេះ ដើម្បីជួបឪពុកម្ដាយនិងកុមារី ដែលគួរឲ្យអាណិត និងរៀបចំគ្រួសារនេះ នៅគេហដ្ឋានរបស់សម្ដេចផ្ទាល់ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ សម្ដេចបានសរសេរដោយខ្លឹមសារយ៉ាងដូច្នេះថា ៖ “ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំ ដែលបានរកឃើញកុមារី ស៊ុន ស្រីតី អាយុ៤ឆ្នាំ។ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅ ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ នៅផ្ទះរបស់ខ្ញុំ” ។

សម្តេចបានបន្តថា ពេលនោះ ខ្ញុំនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះ ដែលមានទាំងចៅ ស៊ុន ស្រីតី គួរឲ្យអាណិតស្រឡាញ់ផងដែរ ។ ខ្ញុំសូមអរគុណចំពោះបងប្អូន ដែលចូលមកខមិន (comment) លើកពីសិទ្ធកុមារ តែខ្ញុំសូមអង្វរករ សូមកុំទៅលឿនហួសពីសិទ្ធរស់រានមានជីវិត ដែលវាផ្តើមចេញពីក្រពះ និងសូមកុំប្រញាប់វិនិច្ឆយ មុនពេលយើងដឹងរឿងពិត ដែលវាជាការវាយប្រហារលើឪពុក
ម្តាយ ចៅស្រីដ៏កំសត់នេះ ថែមទៀត ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានរំលឹកពីអតីតកាលរបស់សម្ដេច ដែលនៅជាកុមារភាពយ៉ាងដូច្នេះថា “ខ្ញុំនៅចាំបានថា កាលខ្ញុំនៅមានអាយុ៥ ឬ៦ឆ្នាំ ខ្ញុំក៏ធ្លាប់ចុះទឹក រកខ្យង ចាប់ត្រី ចាប់ក្តាមឲ្យម៉ែស្ល ទទួលទានដែរនោះវាលំបាកជាងចៅលក់ផ្កា ទៅទៀត ។ រឿងបែបនេះ មិនអាចនិយាយថា ពលកម្មកុមារ សិទ្ធកុមារ ដោយបំភ្លេចចោលសិទ្ធមានចំណីអាហារបានទេ
ព្រោះគ្មានជម្រើស ព្រោះពុក និងបងៗ មិននៅផ្ទះ ម៉ែខ្លាចឈ្លើង មិនហ៊ានចុះទឹក ចំណែកប្អូនស្រីៗ នៅតូចៗ មិនចេះហែលទឹក តម្រូវឲ្យខ្ញុំ ត្រូវធ្វើ ដើម្បីក្រពះទាំងម្តាយ និងកូន៤នាក់។ សិទ្ធរស់រានមានជីវិត ត្រូវតែមានមុនគេ បើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធផ្សេងទៀតធ្វើអ្វី” ៕

អត្ថបទដែលជាប់ទាក់ទង