ពិធីប្រកាសចូលកាន់មុខតំណែង ចៅអធិការវត្តចំនួន២៥វត្ត និងស្រោចស្រពសុគន្ធវារី
បន្ទាយមានជ័យ៖ ក្រៅពីប្រតិបត្រព្រះធម៌ និងការអប់រំ ព្រះសង្ឃត្រូវចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវត្តអារាមបង្កើតជារមណីយដ្ឋានវប្បធម៌ សម្អាតបរិស្ថានជៀសអោយផុតពីគ្រឿងញៀនលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងក្នុងពិធីប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សាជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងវត្តវេឡុវនោឡានស្វាយចេក ស្ថិតក្នុងស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។
យោងតាមព្រះរាជក្រឹត្យលេខ នស រកត ០៥២០ ត្រាស បង្កាន់ តែងតាំងព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១៣៥អង្គ ក្នុងនោះមាន ប្រកាសតែងតែងព្រះគ្រូ អនុគណ ព្រះចៅអធិការវត្តចំនួន ២៥ វត្ត និងស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះមន្ត្រីសង្ឃ ទីប្រឹក្សា ជំនួយការសាលាអនុគណ និង គ្រូសូត្រស្ដាំ សូត្រឆ្វេង ក្នុងស្រុកស្វាយចេក។
ក្នុងពិធីនោះដែរលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ពិធីនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ក្នុងទីវត្តអារាមនីមួយៗ ដើម្បីគ្រប់គ្រងទទួលខុសត្រូវនូវបញ្ហាទាំងឡាយដែលកើតមានជាអ្នកដឹកនាំប្រកបដោយសមធម៌ នឹងប្រសិទ្ធិភាពខ្ពស់ នឹងត្រូវប្រកាន់យកព្រះពុទ្ធឱវាទ ដែលមានព្រះត្រៃបិដក នឹងគម្ពី វិន័យសាសនាជាគោល ធ្វើជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌ ជម្រះចោលនូវគំនុំ ការច្រណែននិន្ទាឈ្នានីស ប្រកបដោយអហិង្សាជាដើម។
លោកអភិបាលរងខេត្ត បន្តថា ការគោរពលើកស្ទួយលើវិស័យព្រះពុទ្ធសាសនា គឺពិតជាជ្រួតជ្រាបក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរគ្រប់រូបស្ថិតស្ថេរគង់វង្សស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ៕