សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ក្នុងពិធីនាព្រឹកថ្ងៃនេះ មានអ្នកចូលរួមសរុបជិត ៦ពាន់នាក់។ ក្នុងនោះមកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០០នាក់ ថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង៥០០នាក់ ថ្នាក់ដឹកនាំសហជីពមូលដ្ឋានចំនួនជាង៤ពាន់នាក់ មកពីសហជីពមូលដ្ឋានជាង១ពាន់នាក់ មកពីក្រុមហ៊ុន៨៣៩ មានមូលដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត ព្រះសីហនុ ព្រៃវែង និងស្វាយរៀង។
យោងតាមរបាយការណ៍របស់ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីនាព្រឹកថ្ងៃនេះ គឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំសហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១,២០០សហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៨១សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគម។
លោក ហេង សួរ បានគូសរំលេចថា ពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករនិយោជិតដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ ដូចឆ្នាំមុនៗដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសរីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិត និងនិយោជកក្រោមឈ្មោះសហគមន៍សុខសាន្ត។
ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់»។ លោក ហេង សួរ បានលើកឡើងថា ការជ្រើសយកប្រធានបទនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់កម្មករនិយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
នៅក្នុងពិធីថ្ងៃនេះ ក្រៅពីការសំណេះសំណាលហើយនោះ ក៏មានពិធីប្រគល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ផងដែរ។ លោក ហេង សួរ បានឱ្យដឹងថា នេះជាឆ្នាំដំបូងនៃការផ្ដល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវលក្ខខណ្ឌវិនិច្ឆ័យដោយផ្អែកលើអនុលោមភាពទាំង៨ ហើយក្រសួងក៏បានរៀបចំគណៈកម្មការ វាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលជាយន្តការត្រីភាគី និងមានការចូលរួមសង្កេតការណ៍ពីតំណាងក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងគម្រោងរោងចក្រកាន់ តែប្រសើរនៅកម្ពុជាផងដែរ។
បើតាមលោក ហេង សួរ ការវាយតម្លៃអនុលោមភាពទាំង៨ ត្រូវបានរៀបចំដោយផ្អែកលើរបាយការណ៍អធិការកិច្ចការងារ ដែលមាននៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមវិស័យការងារ និង ប្រព័ន្ធស្វ័យប្រវត្តិកម្មអធិការកិច្ចការងារ ដោយបែងចែកជាពានមាស ពានប្រាក់ និងពានសំរឹទ្ធ ត្រូវបានគណៈកម្មការផ្តល់ជូនផ្អែកលើចំនួនកម្មករនិយោជិតសរុបនៅក្នុងសហគ្រាស តាមវិស័យនីមួយៗ។
សហគ្រាសជ័យលាភីនៃពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវតែបំពេញឱ្យគ្រប់នូវលក្ខណៈវិនិច្ឆ័យនៃអនុលោមភាពទាំង៨ មានន័យថា សហគ្រាសជ័យលាភី ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នឹងត្រូវទទួលបានពានរង្វាន់សរុបចំនួន៩។ ជាលទ្ធផលសហគ្រាសចំនួន៣៦ ត្រូវបានគណៈកម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ប្រចាំឆ្នាំ២០២៥ ក្នុងនោះ សហគ្រាសផ្នែកកាត់ដេរសម្លៀកបំពាក់ចំនួន១៥, ផ្នែកផលិតស្បែកជើង ចំនួន៤, ផ្នែកផលិតផលិតផលធ្វើ ដំណើរនិងកាបូបចំនួន៣, ផ្នែកអេឡិចត្រូនិកចំនួន៤, សេវាកម្មហិរញ្ញវត្ថុចំនួន៥, ឧស្សាហកម្ម ទេសចរណ៍ចំនួន៣, ផ្នែកបង្គុំរថយន្តចំនួន១ និងផ្នែកផ្សារទំនើបចំនួន១ ដែលបែងចែកជា ៣ពានដូចខាងក្រោម៖
១៖ ពានមាស ផ្តល់ជូនសហគ្រាសចំនួន ២២សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល៣ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង
២៖ ពានប្រាក់ ផ្តល់ជូនសហគ្រាសចំនួន ៥សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល២ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង
៣៖ ពានសំរឹទ្ធ ផ្តល់ជូនសហគ្រាសចំនួន៩សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល១ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង៕

អត្ថបទដែលជាប់ទាក់ទង