នគរបាល ៖ មនុស្សមួយចំនួន បានស្លាប់ ក្រោយរថយន្តបើកបុកចូលហ្វូងមនុស្ស នៅកាណាដា

នគរបាលក្នុងតំបន់ បានឲ្យដឹងថា មនុស្សមួយចំនួន បានបាត់បង់ជីវិត បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកចូលហ្វូងមនុស្ស នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា។
ជាមួយគ្នានេះ នគរបាលនៅទីក្រុង Vancouver បានឲ្យដឹងបន្ថែមថា មនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ក្នុងឧបទ្ទវហេតុ ដែលបានកើតឡើងនៅឯពិធីបុណ្យតាមដងផ្លូវ កាលពីល្ងាចថ្ងៃសៅរ៍ (ទី២៦ ខែមេសា)។
កម្លាំងមានសមត្ថកិច្ចបានប្រាប់ទៀតថា អ្នកបើកបរត្រូវបានចាប់ឃុំខ្លួន។ យ៉ាងណាក្ដី គេមិនទាន់ដឹងនៅឡើយទេថា តើមានមនុស្សស្លាប់ប៉ុន្មាននាក់។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នគរបាលបានឲ្យដឹងថា៖ «អ្នកបើកបរម្នាក់បានបើករថយន្តបុកចូលហ្វូងមនុស្ស នៅឯពិធីបុណ្យតាមដងផ្លូវ (វិថី E. 41st Avenue & Fraser) ភ្លាមៗក្រោយម៉ោង ២០ ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍ (ត្រូវនឹងម៉ោង ៣ ម៉ោងសកល ថ្ងៃអាទិត្យ)។ សេចក្តីថ្លែងការណ៍នោះបានបន្តថា៖ «យើងនឹងផ្តល់ព័ត៌មានបន្ថែមទៀត នៅពេលដែលការស៊ើបអង្កេតទទួលបានលទ្ធផល»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកថ្មើរជើងមួយក្រុមត្រូវបានរថយន្តបុក ក្នុងអំឡុងពិធីបុណ្យប្រចាំឆ្នាំ Lapu Lapu ដែលជាការប្រារព្ធពិធីវប្បធម៌ជនជាតិហ្វីលីពីន។ ខ្សែវីដេអូដែលមិនត្រូវបានផ្ទៀងផ្ទាត់ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញរថយន្តនគរបាល រថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងនៅកន្លែងកើតហេតុ ដោយមានអ្នករងរបួសដេកដួលនៅលើដី៕

អត្ថបទដែលជាប់ទាក់ទង