មេអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រើនរំឭកដល់កម្លាំងឱ្យខិតខំបំពេញការងារ លើកកម្ពស់កិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គម

កំពង់ស្ពឺ៖ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានក្រើនរំឭកឱ្យកម្លាំងកងរាជអាវុធហត្ថទាំងអស់ បំពេញការងារត្រូវមានភាពម៉ឺងមាត់ តែប្រកបដោយគុណធម៌ ក្នុងការលើកកម្ពស់កិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ និងសង្គម ក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ។ ការលេីកឡើងដូចនេះក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍សង្ខេបស្នាដៃសមិទ្ធផល កងឯកភាពល្អឆ្នើមរយៈពេល ៣២ឆ្នាំ(១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថា កងកម្លាំងមានតួនាទីថែរក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែតស៊ូ ដើម្បីធានាបាននូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានលើកឡើងអំពីបញ្ហា ភូមិឃុំមានសុវត្ថិភាព ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្ថែមថា កងកម្លាំងកើតចេញពីប្រជាពលរដ្ឋ ជាកូនជាចៅរបស់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែបង្កើនការខិតខំឱ្យបានទ្វេរដង ដើម្បីផ្តល់នូវភាពជឿជាក់ និងទំនុកចិត្តពីប្រជាពលរដ្ឋមកលើកងកម្លាំង។ ទន្ទឹមនឹងការជឿជាក់ និងទំនុកចិត្តនេះដែរ កម្លាំងកងរាជអាវុធហត្ថ ត្រូវពង្រឹងការងារការពារសន្តិសុខនៅតាមមូលដ្ឋានដែលខ្លួនឈរជើងឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសន្តិសុខសហគមន៍ និងការអភិវឌ្ឍខេត្ត ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ត្រូវតែបន្តបង្រ្កាបឱ្យបាននូវរាល់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីរំលោភគ្រប់រូបភាព។

លោកមេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់បន្ថែមថា ក្នុងនាមជាសមត្ថកិច្ចគប្បីមានឆន្ទៈសំដៅជម្នះរាល់ឥទ្ធិពល និងបង្កើនការសាមគ្គីភាពគ្នា ជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន អនុវត្តការងារឱ្យដើរទន្ទឹមគ្នានឹងការអភិវឌ្ឍអង្គភាព ដោយគិតពីផលប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសអនុវត្តឱ្យបាននូវទិសស្លោករបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញគឺប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប និងពាក្យមួយឃ្លាទៀតគឺ ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ។

ក្រៅពីនេះក៏បានណែនាំទៅតាមមន្ទីរនីមួយៗឱ្យពង្រឹងលើការងារជំនាញឱ្យបានល្អ ត្រួតពិនិត្យរបាយការណ៍ពាក់ព័ន្ធ និងជំនាញរបស់ខ្លួនឱ្យបានត្រឹមត្រូវ រាល់ឯកសារត្រូវរក្សាទុកឱ្យបានល្អ។ មន្ទីរជំនាញ ព្រមទាំងបណ្តាក្រុង/ស្រុក ស្នាក់ការសន្តិសុខទាំងអស់បន្តសហការខិតខំប្រឹងប្រែង អនុវត្តតួនាទីភារៈកិច្ចឱ្យបានល្អ ដើម្បីបង្កើនស្នាដៃជូនអង្គភាព ជាពិសេសត្រូវយកចិត្តទុកដាក់ការងារបង្ការ បង្រ្កាប និងសង្រ្គោះ ដើម្បីធានាបាននូវសុខសុវត្ថិភាពបន្ថែមជូនដល់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង