សមត្ថកិច្ចស្រុករវៀង សហការគ្នាបង្ក្រាបគោយន្តដឹកឈើខុសច្បាប់ ចំនួន៣គ្រឿង
ព្រះវិហារ ៖ កម្លាំងសមត្ថកិច្ច ស្រុករវៀង សហការបង្ក្រាបគោយន្តដឹកឈើខុសច្បាប់ ចំនួន៣គ្រឿង ចេញពីព្រៃឡង់ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ ការអនុវត្តនេះឃាត់នៅ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង សហការជាមួយកម្លាំងបរិស្ថានដែនជំរកសត្វព្រៃ ព្រៃឡង់ បឹងពេរ(ស្នាក់ការរងរំចេក)ដែលដឹកនាំដោយលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះដោយសារកម្លាំងសមត្ថកិច្ចមានតិច ម្ចាស់គោយន្តដឹកឈើបាននាំគ្នាបើរត់គេច តែត្រូវសមត្ថកិច្ចតាមចាប់មកវិញដោយខាងបរិស្ថានស្នាក់រំចេកចាប់បាន២គ្រឿង។
គោយន្តដឹកឈើប្រភេទលេខ២ ជាឈើផ្តៀក មានប្រវែង៨.០០ម៉ែត្រ និងខ្លះប្រវែង១០.០០ម៉ែត្រ ហើយចំនួនឈើក្នុងមួយគោយន្តមានរហូតដល់ជាង៤ម៉ែត្រគូប។
សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ហើយនឹងបន្តនិតិវិធីស្រាវជ្រាវរកម្ចាស់ឈើ យកផ្តន្ទាទោសតាមច្បាប់។ ប្រភពសមត្ថកិច្ចបានឱ្យដឹងថា គោយន្តដឹកឈើចំនួន៣គ្រឿង ខាងលើ ចេញពីស្រុកឆែប ខេត្តព្រះវិហារ ដើម្បីយកទៅខេត្តកំពង់ធំ។
ប្រភពបន្តថា ម្ចាស់ឈើមានឈ្មោះ វី រៈ ជាឈ្មួញឈើដុះស្លែប្រចាំខេត្តព្រះវិហារ។ ប្រភពបន្តថា ការដឹកជញ្ជូនឈើដោយរលូនបែបនេះគឺឈ្មួញឈើខាងលើបានទំនាក់ទំនងបង់លុយថ្លៃផ្លូវដឹកជញ្ជូនជាមុនទើបអាចដឹកឈើខាងលើចេញបាន៕