កូរ៉េខាងជើង បញ្ជាក់ពីការដាក់ពង្រាយទ័ពទៅរុស្ស៊ី ដោយលើកសរសើរទាហានទាំងនោះថាជា “វីរបុរស”
កូរ៉េខាងជើង បានបញ្ជាក់ជាលើកដំបូងនៅថ្ងៃចន្ទ (២៨ មេសា) នេះថា ខ្លួនបានបញ្ជូនទ័ពទៅប្រយុទ្ធគាំទ្ររុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ក្រោមបទញ្ជារបស់មេដឹកនាំ គីម ជុងអ៊ុន និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរំដោះទឹកដីរុស្ស៊ី ដែលកាន់កាប់ដោយអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្តីរបស់បក្សកាន់អំណាចកូរ៉េខាងជើងថា ការបញ្ចប់ដោយជ័យជំនះនៃសមរភូមិរំដោះតំបន់ Kursk របស់រុស្ស៊ី បានបង្ហាញពី “កម្រិតយុទ្ធសាស្ត្រខ្ពស់បំផុតនៃមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំ” រវាងកូរ៉េខាងជើង និងរុស្ស៊ី។ KCNA បន្តថា ការសម្រេចដាក់ពង្រាយទ័ពនេះស្ថិតក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលមេដឹកនាំប្រទេសទាំងពីរចុះហត្ថលេខាកាលពីឆ្នាំមុន ដោយលើកសរសើរទាហានទាំងនោះថាជា “វីរបុរស” ដ៏ក្លាហាន។
គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែន ត្រូវបណ្តេញចេញពីភូមិចុងក្រោយរបស់រុស្ស៊ី ដែលពួកគេដណ្ដើមកាន់កាប់ ប៉ុន្តែទីក្រុងគីវបដិសេធការអះអាងនេះ ហើយនិយាយថា កងទ័ពរបស់ពួកគេនៅតែបន្តប្រតិបត្តិការក្នុងក្រុង Belgorod ដែលជាតំបន់រុស្ស៊ីមួយផ្សេងទៀតនៅជាប់ព្រំដែនអ៊ុយក្រែន។
ជាមួយគ្នានេះ រុស្ស៊ីក៏បានបញ្ជាក់កាលពីថ្ងៃសៅរ៍ជាលើកដំបូងថា ទាហានកូរ៉េខាងជើង បានប្រយុទ្ធរួមគ្នាជាមួយកងកម្លាំងរុស្ស៊ីនៅតំបន់ Kursk។ មន្ត្រីអ៊ុយក្រែននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានសរុប ១៤.០០០នាក់ រួមទាំងកងពង្រឹង ៣.០០០នាក់ ដើម្បីជំនួសការខាតបង់របស់ខ្លួន។ ដោយខ្វះរថពាសដែក និងបទពិសោធន៍ធ្វើសង្គ្រាមយានដ្រូន ទាហានក្រុងព្យុងយ៉ាងបានរងគ្រោះធ្ងន់ធ្ងរ ប៉ុន្តែបានសម្របខ្លួនយ៉ាងឆាប់រហ័ស៕