លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម បានមានប្រសាសន៍ថា គិតរហូតមកដល់ពេលនេះ ការងារដីសម្រេចបាន៧០% និងការងារសំណង់សម្រេចបាន ៥០% ដោយឡែក វឌ្ឍនភាពនៃការងារសរុបសម្រេចបានប្រមាណ ៥៥%។ ចំណែកឯ ការងារសំខាន់ៗរបស់គម្រោង រួមមាន៖ ទី១)ការងារស្តារអូរប្រឡាយក្តាន់ ប្រវែង ៥.០០០ម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យចំនួន ១៤កន្លែង។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់បន្ថែមថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១០៣៦ហិកតា រដូវប្រាំងចំនួន ២៦៨០ហិកតា និងដំណាំរួមផ្សំចំនួន ១៥០ហិកតា សម្រាប់បងប្អូនប្រជាកសិករប្រមាណ ១២៦៣គ្រួសារ ក្នុងភូមិចំនួន១១ ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕