ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី១ របស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក

នាថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នៅសាលប្រជុំរំដួលនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី១ របស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។
សូមជម្រាបជូនថា កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមនាយកគម្រោងនិងក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមបេសកកម្មរបស់ធនាគារពិភពលោក ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ៧០នាក់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងក្នុងរយៈពេល ៦ខែកន្លងមក ចាប់តាំងពីគម្រោងទទួលបានការអនុម័តហិរញ្ញប្បទានពីធនាគារពិភពលោកកាលពីខែតុលា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានឱ្យដឹងបន្ថែមទៀតថា បេសកកម្មរបស់ក្រុមការងារធនាគារពិភពលោកមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនោះដែរ ក៏មានការអញ្ជើញចុះពិនិត្យទីតាំងអនុគម្រោង ៣០កញ្ញា ស្ថិតក្នុងខេត្តកំពង់ធំ និងអនុគម្រោងកំពីងពួយ ស្ថិតក្នុងខេត្តព្រះវិហារផងដែរ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធារាសាស្ត្រទាំងពីរ។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគាំទ្រចំពោះគម្រោងនេះ និងធនាគារពិភពលោក ដែលបានចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា សំដៅឆ្ពោះទៅរកការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ប្រកបដោយចីរភាពនិងបរិយាប័ន្ន ហើយគម្រោងនេះនឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យធនធានទឹកប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ ធ្វើយ៉ាងណាធានាប្រែក្លាយកម្ពុជា ជាប្រទេសដែលមានសន្តិសុខទឹកនាពេលអនាគត ក្នុងបរិបទនៃការអភិវឌ្ឍ កំណើនសម្ពាធនានាពីសកម្មភាពមនុស្ស និងការប្រែប្រួលអាកាសធាតុ។
សូមជម្រាបជូនថា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ជាគម្រោងថ្មីមួយស្របតាមចក្ខុវិស័យរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ចេញសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយមរយៈពេល ៥ឆ្នាំ (២០២៤-២០២៨) សម្រាប់បម្រើដល់គ្រប់វិស័យដែលពាក់ព័ន្ធ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានរយៈពេលអនុវត្ត ៦ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ក្នុងខេត្តចំនួន៤ រួមមាន ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង