ផ្តើមពីក្រុមក្មេងទំនើង ឡើងឋានៈជាក្រុមចោរប្លន់!

ភ្នំពេញ៖ កាលពីវេលាម៉ោង ០៣ និង ៤០នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានជនសង្ស័យ០១ក្រុម បានធ្វើសកម្មភាពព្រួតវាយជនរងគ្រោះ ប្លន់យកម៉ូតូ ០១ គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-7405 នៅចំណុចបណ្តោយវិថីឈ្នះឈ្នះ ស្ថិតភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយពីបានទទួលពាក្យបណ្ដឹង កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវតាមស្វែងរកក្រុមជនសង្ស័យ រហូតឈានទៅសហការជាមួយ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន ០៦នាក់ក្នុងចំណោម ០៧នាក់ នៅវេលាម៉ោងប្រមាណ ១១ និង៤០ នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុច ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង០៦នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួន និងបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ពិតជាបានចូលរួមក្នុងសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន តែជាការប្លន់លើកទីមួយប៉ុណ្ណោះ។ កន្លងមកពួកខ្លួន បានបង្កើតក្រុមមួយ មានរហ័សនាមថា MTT (មនុស្សតូចៗ) ដែលមានសមាជិកប្រុសស្រី ប្រមាណ ៦០នាក់ សម្រាប់ជួបជុំដើរលេងជាមួយគ្នា និង តែងតែបង្ហោះម៉ូតូ នៅលើផ្លូវជាតិលេខ៦A វិថីឈ្នះឈ្នះ និងតាមបណ្តាខេត្តមួយចំនួន ហើយក្នុងនោះ ក្រុមខ្លួនមួយចំនួន ក៏ធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអប់រំ ០២លើករួចមកហើយ ពាក់ព័ន្ធនឹងអំពើទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។
ជនសង្ស័យទាំង០៦នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

អត្ថបទដែលជាប់ទាក់ទង