ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍភាពការអនុវត្តវិធានការកាយទំនប់ដី ដែលចាក់ចូលទន្លេសាបដោយក្រុមហ៊ុនឯកជន ក្នុងខេត្តកំពង់ឆ្នាំង

នៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអាជ្ញាធរទន្លេសាប ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្ដាប់រួមអាជ្ញាធរទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងតំណាងក្រុមហ៊ុន បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃការអនុវត្តវិធានការ និងស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការកាយទំនប់ដីចេញវិញ នៅទីតាំងដែលក្រុមហ៊ុនទឹកស្អាតបានចាក់ចូលទន្លេសាបកាលពីពេលកន្លងមក។
ឯកឧត្តម យិន ងួនកូលេនីន បានបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះ មានរយៈពេល ៦ ថ្ងៃហើយ ក្រុមហ៊ុនទឹកស្អាតពុំទាន់បានដាក់គ្រឿងចក្រអនុវត្តនៅឡើយទេ។ ឯកឧត្តមបានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បន្តតាមដានការងារនៅស្អែកទី២៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីជំរុញឱ្យក្រុមហ៊ុនទឹកស្អាតអនុវត្តការកាយដីចេញពីទន្លសាបវិញ។
សូមបញ្ជាក់ថា តាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនទឹកស្អាតបានសន្យាទុករយៈពេល ១៥ ថ្ងៃ ដើម្បីកាយដីចេញពីទន្លេសាបវិញឱ្យអស់ ដោយក្រុមហ៊ុនចាប់ផ្ដើមអនុវត្តជាបណ្ដើរៗក្នុងរយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃប្រជុំ៕

អត្ថបទដែលជាប់ទាក់ទង