តើរាជរដ្ឋាភិបាលមានគោលដៅអ្វីខ្លះដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពប្រសើរឡើង?
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ជីវិតប្រជាពលរដ្ឋត្រូវការកត្តាសំខាន់ៗចំនួន៣ ក្នុងនោះទី១ កត្តាសុខភាព ទី២ កត្តាចំណេះដឹង និងទី៣ កតា្តជីវភាព តាមរយៈការផ្ដល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបានជំរុញខ្លាំងណាស់ លើគោលនយោបាយអាទិភាព និងវិធានគន្លឹះនានាដើម្បីធ្វើយ៉ាងណាផ្ដល់នូវអាទិភាពទាំងនេះ ទៅដល់ប្រជាពលរដ្ឋនៅគ្រប់កន្លែង និងចំគោលដៅ។
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែគឺបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្ត ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ខិតខំដាក់ចេញគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តនានាដើម្បីធានាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលមិនរត់ចោលប្រជាពលរដ្ឋឡើយ៕