ក្រុមសេរីនិយម ដែលប្រឆាំងលោក Trump ត្រូវព្យាករថា នឹងឈ្នះការបោះឆ្នោតនៅកាណាដា

ក្រុមសេរីនិយមរបស់លោកនាយករដ្ឋមន្រ្តីកាណាដា Mark Carney ត្រូវបានព្យាករថាឈ្នះការបោះឆ្នោតកាលពីថ្ងៃចន្ទ ២៨ មេសា ហើយនឹងបង្កើតរដ្ឋាភិបាលលើកទីបួនជាប់ៗគ្នា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ CBC និង CTV News ខណៈក៏បានព្យាករថា ពួកគេនឹងខ្វះសំឡេងភាគច្រើនក្នុងសភា ដែលលោក Carney ចង់បានដើម្បីជួយចរចារពន្ធជាមួយប្រធានាធិបតីអាមេរិក Donald Trump។
យុទ្ធនាការបោះឆ្នោតរបស់លោក Carney បានផ្តោតសំខាន់លើការវាយប្រហារលោក Trump ជុំវិញការដំឡើងពន្ធ និងការលើកឡើងម្ដងហើយម្ដងទៀតរបស់មេដឹកនាំអាមេរិករូបនេះ ដែលថាកាណាដាអាចក្លាយជា “រដ្ឋទី៥១” របស់អាមេរិក។
បក្សសេរីនិយម ត្រូវការឈ្នះអង្គបោះឆ្នោត ១៧១ នៃតួលេខសរុប ៣៤៣ អាសនៈរបស់សភា ដើម្បីទទួលបានសំឡេងភាគច្រើន ដែលនឹងអនុញ្ញាតឱ្យពួកគេគ្រប់គ្រងដោយមិនចាំបាច់មានការគាំទ្រពីគណបក្សណាផ្សេង។ ទូរទស្សន៍ជាតិកាណាដា CBC បានឱ្យដឹងថា គិតត្រឹមម៉ោងក្នុងស្រុកប្រមាណជា ១១យប់ ក្រុមសេរីនិយមបាននាំមុខ ឬឈ្នះអង្គបោះឆ្នោត ១៥៦ បន្ទាប់មកគឺក្រុមអភិរក្សនិយម ដែលមាន ១៤៧សំឡេង។
ខេត្តចុងបស្ចឹម British Columbia ជាទីដែលមណ្ឌលបោះឆ្នោតបិទចុងក្រោយគេ អាចជាអ្នកសម្រេចថាតើក្រុមសេរីនិយម រកបានរដ្ឋាភិបាលសំឡេងភាគច្រើនឬយ៉ាងណា។ សភាកាណាដាមាន ៣៤៣អាសនៈ ហើយប្រសិនបើលោក Carney រកបានតែសំឡេងភាគតិច នោះលោកនឹងត្រូវចរចាជាមួយបក្សផ្សេងទៀតដើម្បីបន្តកាន់អំណាច។ គួរឱ្យដឹងថា រដ្ឋាភិបាលសំឡេងភាគតិចនៅកាណាដា កម្រកាន់អំណាចយូរជាង ២ឆ្នាំកន្លះណាស់៕

អត្ថបទដែលជាប់ទាក់ទង