កិច្ចប្រជុំពិគ្រោះយោបល់ រួមគ្នាធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល និងអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្រ្ត សំដៅផ្តល់សេវាសុខាភិបាលដែលមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន GE HealthCare ដឹកនាំដោយលោកវេជ្ជបណ្ឌិត Rajan Kalidindi ប្រធានផ្នែកទីផ្សារ និងផែនការយុទ្ធសាស្រ្ត។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាអំពីផែនការសហការបន្តរួមមាន ការអភិវឌ្ឍសេវាព្យាបាល ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃ បច្ចេកវិទ្យាថ្មីៗ ផ្នែកសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករវាងក្រុមហ៊ុន GE HealthCare និងក្រសួងសុខាភិបាល ជាពិសេស តាមរយៈអនុស្សរណៈនៃការយោគយល់ គាំទ្រការអភិវឌ្ឍ និងធ្វើទំនើបកម្មឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងបានចូលរួមបណ្តុះបណ្តាលបុគ្គលិកជំនាញថែមទៀតផង។
លោកវេជ្ជបណ្ឌិត Rajan Kalidindi បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ដ្រី ដែលបានឆ្លៀតពេលវេលាទទួលជំនួបពិភាក្សានាពេលនេះ ព្រមទាំង បានបន្តគាំទ្រការចូលរួមរបស់ក្រុមហ៊ុន GE HealthCare លើវិស័យសុខាភិបាលតាំងពីពេលចាប់ផ្តើមនៃថ្ងៃដំបូង រហូតមកដល់ពេលនេះ។ លោក បានជម្រាប អង្គប្រជុំអំពីទិសដៅថ្មី ដែលក្រុមហ៊ុនគ្រោងនឹងសហការចូលរួមគាំទ្រលើបេសកកម្មវិស័យសុខាភិបាល ដោយពង្រីកគម្រោងបណ្តុះបណ្តាលបន្ថែម ដល់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត។ ក្រុមហ៊ុន បន្តការប្តេជ្ញាចិត្តក្នុងការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការរួមបញ្ចូលការបំពាក់ឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងកម្មវិធីបណ្តុះបណ្តាលលើធនធានមនុស្ស អោយស្របទៅនឹងការវិវឌ្ឍន៍នៃវេជ្ជសាស្ត្រពិភពលោក សំដៅចូលរួមលើកកម្ពស់ជំនាញថែទាំសុខភាព និងសម្រាប់ការផ្តល់សេវាកម្មដ៏ល្អបំផុតជូនអ្នកជំងឺ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបង្ហាញនូវមោទនភាព ចំពោះសហការយ៉ាងជិតស្និទ្ធ និងមាន ប្រសិទ្ធភាពខ្ពស់ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ ដែលបានអភិវឌ្ឍរួមគ្នា រវាងក្រុមហ៊ុន និងក្រសួងសុខាភិបាល ដោយបញ្ជាក់ក្តីសង្ឃឹមថា កិច្ចសហការនេះនឹង ជួយលើកកម្ពស់សមត្ថភាព ប្រព័ន្ធថែទាំសុខភាពជាតិ ទំនើបកម្មបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងការបណ្តុះបណ្តាលគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការផ្នែកថែទាំសុខភាពរបស់ប្រជាជនកម្ពុជា៕