លោក Trump សម្រាលបន្ទុកពន្ធលើរថយន្ត ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មបរទេសលើកដំបូង

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យ ២ច្បាប់ ដើម្បីបន្ធូរបន្ថយឥទ្ធិពលអាក្រក់នៃពន្ធលើរថយន្តរបស់លោក កាលពីថ្ងៃអង្គារ (២៩ មេសា) ជាមួយនឹងការផ្តល់ឥណទាន និងការសម្រាលបន្ទុក ដោយមិនយកពន្ធផ្សេងទៀតបន្ថែមពីលើគ្រឿងសម្ភារៈរថយន្ត ហើយក្រុមពាណិជ្ជកម្មរបស់លោកបានសាទរកិច្ចព្រមព្រៀងដំបូងរបស់ខ្លួនជាមួយដៃគូពាណិជ្ជកម្មបរទេស។
ជំហាននេះបានជួយបន្ធូរបន្ថយក្ដីបារម្ភរបស់វិនិយោគិនមួយចំនួនអំពីគោលនយោបាយពាណិជ្ជកម្មដែលមិនទៀងទាត់របស់លោក Trump នៅពេលប្រធានាធិបតីរូបនេះទៅធ្វើទស្សនកិច្ចនៅរដ្ឋ Michigan ជាទីដែលមានឧស្សាហកម្មរថយន្តរបស់អាមេរិកជាច្រើន ហើយក៏កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពន្ធគ្រឿងបន្លាស់រថយន្តនាំចូល ២៥% ថ្មីចូលជាធរមាន។
នៅក្នុងគោលនយោបាយបញ្ច្រាសផ្នែកពន្ធចុងក្រោយបង្អស់របស់ខ្លួន លោក Trump បានយល់ព្រមផ្តល់ពេល ២ឆ្នាំឱ្យក្រុមហ៊ុនផលិតរថយន្ត ដើម្បីបង្កើនភាគរយនៃគ្រឿងបន្លាស់ក្នុងស្រុកនៅក្នុងរថយន្តដែលបានដំឡើងក្នុងស្រុក រួមទាំងការបន្ធូរបន្ថយតម្លៃផ្សេងទៀត។
ជាមួយគ្នានេះ ក្រឹត្យលោក Trump ក៏ផ្ដល់ឱ្យរថយន្ត និងគ្រឿងបន្លាស់រថយន្តនាំចូលពីបរទេស ដែលនៅក្រោមពន្ធរថយន្ត ២៥% ថ្មីរបស់លោករួចទៅហើយ នឹងមិនជាប់ពន្ធ ២៥% ផ្សេងទៀតដែលបានដាក់ ដូចជាពន្ធដែកថែប និងអាលុយមីញ៉ូម ឬពន្ធទំនិញកាណាដា និងម៉ិកស៊ិកឡើយ។ ប៉ុន្តែក្រឹត្យនេះបញ្ជាក់ថា ពន្ធផ្សេងទៀត រួមទាំងពន្ធរបស់លោក Trump លើទំនិញរបស់ចិន ដែលឈានដល់ ១៤៥% នឹងនៅតែអនុវត្ត ដូចទៅនឹងអត្រាពន្ធ “ប្រទេសដែលអនុគ្រោះបំផុត” ២,៥% ដ៏យូរអង្វែងរបស់អាមេរិក សម្រាប់ការនាំចូលរថយន្ត៕

អត្ថបទដែលជាប់ទាក់ទង