លោក Trump អបអរសមិទ្ធផល១០០ថ្ងៃ ក្នុងពិធីជួបជុំនៅរដ្ឋMichigan ខណៈព្រួយបារម្ភពីសេដ្ឋកិច្ច

លោកប្រធានាធិបតី Donald Trump បានអួតសរសើរនូវអ្វីដែលលោកបានហៅថាជាជ័យជម្នះផ្នែកសេដ្ឋកិច្ចដ៏ធំជាបន្តបន្ទាប់ និងបានវាយប្រហារទៅលើគណបក្សប្រជាធិបតេយ្យ រួមទាំងអតីតប្រធានាធិបតីលោក Joe Biden ក្នុងអំឡុងពិធីជួបជុំនៅរដ្ឋ Michigan កាលពីថ្ងៃអង្គារ ៣០ មេសា ដែលជាព្រឹត្តិការណ៍មួយដើម្បីអបអរសាទររយៈពេល១០០ថ្ងៃដំបូងរបស់លោកក្នុងតំណែងជាប្រធានាធិបតីអាណត្តិទី២របស់សហរដ្ឋអាមេរិក។
ការប្រមូលផ្តុំគ្នាក្នុងរដ្ឋប្រទាញប្រទង់ផ្នែកនយោបាយ ដែលជាមជ្ឈមណ្ឌលនៃឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតដែលរៀបចំដោយគណបក្សសាធារណរដ្ឋចាប់តាំងពីការឡើងកាន់តំណែងរបស់លោកនៅថ្ងៃទី២០ ខែមករា២០២៥។
ប្រជាជនអាមេរិកបានតាមដានការអនុវត្តរបស់លោក Trump ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាពិសេស ប្រជាជនកំពុងព្រួយបារម្ភអំពីការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Trump ស្របពេលមានអតិផរណាធ្ងន់ធ្ងរ និងវិធានការគឃ្លើនរបស់រដ្ឋបាលលោកនៃសង្រ្គាមដំឡើងពន្ធលើស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោក។
លោក Trump បាននិយាយអំពីការកាន់តំណែងជាប្រធានាធិបតីដំបូងរបស់លោកពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ថា យើងមានសេដ្ឋកិច្ចអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសរបស់យើង។យើងធ្វើបានល្អណាស់ ហើយយើងកំពុងធ្វើបានល្អជាងនេះទៀតក្នុងអាណត្តិទី២របស់លោកបច្ចុប្បន្ន។
នៅក្នុងការស្ទង់មតិរយៈពេល៣ថ្ងៃពីសារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ បង្ហាញថា ប្រជាប្រិយភាពរបស់លោក Trump មានត្រឹម៤២% និងការមិនពេញចិត្តមានរហូតដល់៥៣%។នោះជាការធ្លាក់ចុះពី៤៧%ក្នុងការស្ទង់មតិពីស្ថាប័នខាងលើក្នុងខែមករា។ មានត្រឹមតែ៣៦%ប៉ុណ្ណោះដែលគាំទ្រការដឹកនាំផ្នែកសេដ្ឋកិច្ចរបស់លោក Trump ជាកម្រិតទៀបបំផុតក្នុងណត្តិបច្ចុប្បន្ន ឬកាលពីក្នុងអាណត្តិដំបូងរបស់លោក៕

អត្ថបទដែលជាប់ទាក់ទង