ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំចរចាគម្រោងកសាងប្រព័ន្ធធារាសាស្ត្រធន់នឹងអាកាសធាតុជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

នៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងចូលរួមកិច្ចប្រជុំចរចារជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) លើគម្រោងកសាងប្រព័ន្ធធារាសាស្រ្តដែលមានលក្ខណៈទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ហើយដែលនឹងបើកកិច្ចប្រតិបត្តិការក្នុងទ្រង់ទ្រាយធំនៅក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់គ្រប់ប្រភេទ គ្រប់ពេលវេលា និងការលុបបំបាត់គ្រោះរាំងស្ងួត។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំចរចារបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ពីសំណាក់មន្រ្តីជាន់ខ្ពស់ និងអ្នកច្បាប់អន្តរជាតិនៅទីស្នាក់ការកណ្តាលរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ជាច្រើនរូបដែលដឹកនាំដោយបណ្ឌិត Rajesh Yadav តំណាងឯកឧត្តមអគ្គនាយកធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)៕

អត្ថបទដែលជាប់ទាក់ទង