ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញសមិទ្ធផលដែលសម្រេចបាន ក្នុងការដឹកនាំ គ្រប់គ្រង និងការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងសិក្ខាសាលា នៅវិមានរដ្ឋសភា
ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញនូវសមិទ្ធផលចម្បងៗ នៃការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជូនអង្គសិក្ខាសាលា ដែលជាថ្នាក់ដឹកនាំ និងជាអ្នកតំណាងរាស្ត្រ ដែលអញ្ជើញមកពីរដ្ឋសភា និងព្រឹទ្ធសភា។ សមិទ្ធផលចម្បងៗដែលឯកឧត្តម បានលើកឡើងរួមមាន ការគ្រប់គ្រងវិស័យមុខងារសាធារណៈ ដែលត្រូវបានកែលម្អជាលំដាប់, ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលានានា, ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាក្នុងការគ្រប់គ្រងមន្ត្រីរាជការ ដែលត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ និងការសម្រេចបាននូវសមិទ្ធផលជាច្រើនចេញពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ៕