មនុស្សម្នាក់ស្លា..ប់ និង ៤៦នាក់របួស ក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី លើទីក្រុង Kharkiv និងតំបន់ Dnipro, នេះបើតាមអ៊ុយក្រែន

(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា យន្តហោះដ្រូនជាច្រើនគ្រឿងរបស់រុស្ស៉ី បានវាយប្រហារទីក្រុង Kharkiv និងតំបន់ Dnipro កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសចំនួន ៤៦នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥។
អភិបាលតំបន់ លោក Oleh Syniehubov បាននិយាយថា ការវាយប្រហារនៅយប់ថ្ងៃអង្គារ ក្នុងចំណោមអ្នករបួស មានក្មេងពីរនាក់ និងស្រ្តីមានផ្ទៃពោះម្នាក់។ អភិបាលក្រុង Kharkiv លោក Ihor Terekhov បានឱ្យដឹងថា មានការវាយប្រហារ ១៦លើកលើទីក្រុង។ អាផាតមិនខ្ពស់មួយដែលមានផ្ទះ កន្លែងព្យាបាល និងរចនាសម្ព័ន្ធស៉ីវិល បានរងនូវការវាយប្រហារនោះ។
លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk ក៏បានឱ្យដឹងដែរថា នៅឯទីក្រុង Dnipro ភាគអាគ្នេយ៍អ៊ុយក្រែន យន្តហោះដ្រូនបានបង្កជាអគ្គីភ័យ សម្លាប់បុរសអាយុ ៥៣ឆ្នាំម្នាក់ និងរបួសម្នាក់។ ពេញមួយយប់មិញ ដ្រូនចំនួន ៩គ្រឿងត្រូវបានបំផ្លាញក្នុងតំបន់។
គួរបញ្ជាក់ថា គេមិនច្បាស់នោះទេអំពីទំហំនៃការវាយប្រហារលើអ៊ុយក្រែន ដោយជារឿយៗភាគីទាំងពីរ តែងបដិសេធការកំណត់គោលដៅលើជនស៉ីវិល៕

អត្ថបទដែលជាប់ទាក់ទង