អ្នកនាំពាក្យក្រសួងការពារជាតិ ៖ គិតត្រឹមព្រឹកនេះនៅតាមបន្ទាត់ព្រំដែនទិសព្រះវិហារ និងឧត្តរមានជ័យមានភាពស្ងប់ស្ងាត់
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតមកត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ខណៈកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ។
ថ្លែងក្នុងពិធីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា «សភាពការណ៍ជួរមុខចាប់តាំងពីវេលាម៉ោង១២៖០០រំលងអធ្រាត្រ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ម៉ោង៦៖១៥នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្នអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ»។