មន្ត្រីសេតវិមាននិយាយថា លោក Trump អាចជួបផ្ទាល់ជាមួយលោក Putin នៅសប្តាហ៍ក្រោយ
មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃពុធថា លោកប្រធានាធិបតី Donald Trump អាចជួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឆាប់ៗនៅសប្តាហ៍ក្រោយ ខណៈលោកព្យាយាមធ្វើជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។
ការអត្ថាធិប្បាយរបស់លោក Trump កើតមានឡើងក្រោយជំនួបមួយក្នុងទីក្រុង មូស្គូ រវាងលោក Putin និងបេសកជនពិសេសអាមេរិក លោក Steve Witkoff ទោះបីលោក Trump និយាយថាគ្មានលទ្ធផលល្អកើតឡើងរវាងលោក Putin និងលោកWitkoffក៏ដោយ។
មន្ត្រីរូបនេះបានលើកឡើងថា កិច្ចប្រជុំនៅមិនទាន់បានកំណត់ពេលវេលានៅឡើយទេ ហើយក៏មិនទាន់កំណត់ទីតាំងផងដែរ។ មន្ត្រីរូបនេះមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈទេ ហើយបាននិយាយទៅកាន់សារព័ត៌មាន AP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
សេតវិមានបាននិយាយថា លោកTrump ក៏បើកចំហចំពោះជំនួបជាមួយលោក Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ផងដែរ។
ជំនួបរវាងលោក Putin និងលោក Trump នឹងក្លាយជាជំនួបលើកដំបូងរបស់ខ្លួន ចាប់តាំងពីលោក Trump ត្រឡប់ទៅកាន់តំណែងនៅដើមឆ្នាំនេះ។ នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងសង្គ្រាមរយៈពេល ៣ ឆ្នាំ ទោះបីជាមិនមានការសន្យាថាកិច្ចប្រជុំបែបនេះនឹងនាំឱ្យមានការបញ្ចប់ការប្រយុទ្ធគ្នារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ក៏ដោយ។
លោក Trump ដែលបង្ហាញខ្លួននៅចំពោះមុខអ្នកសារព័ត៌មាននៅពេលក្រោយមកថ្ងៃដដែលនៅឯសេតវិមាន មិនបានឆ្លើយសំណួរអំពីទីតាំងសំខាន់ណាមួយសម្រាប់កិច្ចប្រជុំនោះទេ ប៉ុន្តែនៅពេលត្រូវបានសួរអំពីកិច្ចប្រជុំកំពូលជាមួយលោក Putin និងលោក Zelenskyyលោកបាននិយាយថាមានការរំពឹងទុកល្អណាស់ដែលពួកលោកនឹងជួបគ្នា៕