លោក Trump ដាក់ពន្ធបន្ថែម ២៥% ទៀតលើទំនិញឥណ្ឌា សរុបទាំងអស់ ៥០% ខណៈទំនាក់ទំនងធ្លាក់ទាបខ្លាំង
ប្រធានាធីបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (០៦ សីហា) បានប្រកាសដាក់ពន្ធថ្មីបន្ថែម ២៥% ទៀតលើទំនិញរបស់ឥណ្ឌា ដោយលើកឡើងថាមកពីទីក្រុងញូវដេលី បន្តនាំចូលប្រេងពីរុស្ស៊ី នៅក្នុងសកម្មភាពមួយដែលបង្កើនភាពតានតឹងខ្លាំងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មឈានដល់ភាពជាប់គាំង។
ពន្ធនាំចូលថ្មីនេះ នឹងមានប្រសិទ្ធភាពរយៈពេល ២១ថ្ងៃបន្ទាប់ពីថ្ងៃទី០៧ ខែសីហា ដែលនឹងដំឡើងពន្ធសរុបលើការនាំចេញឥណ្ឌាមួយចំនួនដល់កម្រិតខ្ពស់ខ្លាំងរហូតដល់ ៥០% – ក្នុងចំណោមពន្ធខ្ពស់បំផុតលើដៃគូពាណិជ្ជកម្មអាមេរិក។ ក្រឹត្យរបស់លោក Trump ដែលដាក់ពន្ធបន្ថែមនេះ មិនបាននិយាយអំពីចិននោះទេ ដែលក៏នាំចូលប្រេងពីរុស្ស៊ីផងដែរ ប៉ុន្តែក្រោយមកបាននិយាយថា លោកអាចនឹងប្រកាសពន្ធបន្ថែមស្រដៀងគ្នានេះលើទំនិញរបស់ចិន។
ក្រុមអ្នកវិភាគនិយាយថា ជំហានរបស់លោក Trump បង្ហាញពីការធ្លាក់ចុះដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា ចាប់តាំងពីការវិលត្រឡប់របស់លោកទៅកាន់តំណែងក្នុងខែមករា។ ពន្ធគយបង្កការគំរាមកំហែង និងរំខានដល់លទ្ធភាពចូលទៅកាន់ទីផ្សារនាំចេញដ៏ធំបំផុតរបស់ឥណ្ឌា ដែលការនាំចេញសរុបមានចំនួនជិត ៨៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយប៉ះពាល់ដល់វិស័យដូចជា វាយនភ័ណ្ឌ ស្បែកជើង ត្បូង និងគ្រឿងអលង្ការជាដើម។
ក្រសួងការបរទេសឥណ្ឌា ហៅការសម្រេចចិត្តនេះថា “ជារឿងអកុសលខ្លាំងណាស់” ដោយសង្កត់ធ្ងន់ថា ប្រទេសជាច្រើនទៀតក៏កំពុងនាំចូលប្រេងពីរុស្ស៊ីដែរ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិរបស់ពួកគេ៕