អ៊ីស្រាអែល អនុម័តផែនការតាំងទីលំនៅដ៏ចម្រូងចម្រាសដើម្បីលុបបំបាត់គំនិតនៃរដ្ឋប៉ាឡេស្ទីន

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានឱ្យដឹងថា ផែនការតាំងទីលំនៅរបស់អ៊ីស្រាអែល ឈ្មោះថាគម្រោងអភិវឌ្ឈ E1 ដែលត្រូវថ្កោលទោសយ៉ាងទូលំទូលាយ បានទទួលការអនុម័តផ្លូវការចុងក្រោយហើយកាលពីថ្ងៃពុធ (២០ សីហា) ដោយគម្រោងនេះនឹងកាត់ផ្តាច់ទឹកដីដែលប៉ាឡេស្ទីន ស្វះស្វែងបង្កើតជារដ្ឋមួយ ក្នុងអ្វីដែលលោកនិយាយថាដើម្បីកប់គំនិតនៃរដ្ឋប៉ាឡេស្ទីន។
ក្នុងសេចក្តីថ្លែងការណ៍នោះ លោក Smotrich បាននិយាយថា ការអនុម័តនៃគម្រោង E1 ដែលនឹងពុះបំបែកតំបន់កាន់កាប់ West Bank ហើយកាត់ទឹកដីនេះចេញពីក្រុងយេរូសាឡិមខាងកើត ត្រូវបានប្រកាសតាំងតែពីសប្តាហ៍មុនមក និងបានទទួលការសម្រេចចុងក្រោយរួចហើយពីគណៈកម្មការរៀបចំផែនការរបស់ក្រសួងការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃពុធ។
ប្រមុខហិរញ្ញវត្ថុរូបនេះបន្ថែមថា «រដ្ឋប៉ាឡេស្ទីនកំពុងត្រូវបានលុបបំបាត់ចេញពីតុចរចា មិនមែនដោយពាក្យស្លោកអ្វីនោះទេ ប៉ុន្តែជាមួយនឹងសកម្មភាពជាក់ស្ដែង»។
ការចាប់ផ្តើមគម្រោងដ៏ចម្រូងចម្រាសនេះឡើងវិញ អាចធ្វើឱ្យអ៊ីស្រាអែលកាន់តែឯកោថែមទៀត ខណៈសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនរបស់ខ្លួន ដែលខកចិត្តខ្លាំងដោយសារការបន្តកាប់សម្លាប់ និងភាពតក់ស្លុតនៃសង្រ្គាមហ្កាហ្សា បានប្រកាសថា ពួកគេអាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ខាងមុខនេះ៕

You might also like