ថ្លែងបើកពិធីព្យុហយាត្រា លោក ស៊ី ជីនពីង ថាពិភពលោកកំពុងប្រឈមនឹងជម្រើស រវាងសន្តិភាព និងសង្រ្គាម
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធ ទី៣ ខែកញ្ញា បាននិយាយថាពិភពលោកសព្វថ្ងៃកំពុងប្រឈមមុខនឹងជម្រើស២ គឺសន្តិភាព និងសង្រ្គាម ខណៈចិនចាប់ផ្ដើមធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតមួយមិនធ្លាប់មានរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ស៊ី ជីនពីង ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយជាកិច្ចចាប់ផ្ដើមការធ្វើព្យុហយាត្រាយោធានៅឯ Tiananmen ក្នុងទីក្រុងប៉េកាំង ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់សង្រ្គាមរបស់ជប៉ុន អំឡុងសង្រ្គាមលោកលើកទី២ ដែលចិនហៅថាទិវាជ័យជម្នះថ្ងៃទី៣ ខែកញ្ញា។ លោក ស៊ី ជីនពីង បានទទួលស្វាគមន៍បណ្ដាមេដឹកនាំបរទេសមកពី ប្រទេសចំនួន២៦ ដែលភាគច្រើនជាមេដឹកនាំមកពីបណ្ដាប្រទេសមិនមែនលោកខាងលិច ក្នុងនោះរួមមានទាំងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ថ្លែងនៅក្នុងសុន្ទរកថានោះ លោកប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថាគ្មានអ្វីអាចមកបញ្ឈប់ការអភិវឌ្ឍរបស់ចិនបាននោះទេ ហើយថាបុព្វហេតុមនុស្សធម៌នៃសន្តិភាព និងការអភិវឌ្ឍ នឹងទទួលបានជ័យជោគ។ លោក ស៊ី ជីនពីង បានបន្ថែមថា «មនុស្សជាតិកំពុងប្រឈមសាជាថ្មីនឹងជម្រើសរវាងសន្តិភាព និងសង្រ្គាម កិច្ចសន្ទនា ឬការប្រឈមមុខដាក់គ្នា ព្រមទាំង លទ្ធផលឈ្នះ-ឈ្នះ និងលទ្ធភាពមានអ្នកឈ្នះ និងអ្នកចាញ់៕



