លៀងធ្លាក់ខ្លាំងបោកបក់លើភាគជើងឥណ្ឌា ធ្វើឱ្យទឹកទន្លេក្នុងតំបន់រដ្ឋធានី Delhi ហក់ឡើងដល់កម្រិតគ្រោះថ្នាក់
(ញូវដែលី)៖ ទឹកជំនន់បានរាលដាលពាសពេញតំបន់មួយចំនួន នៅភាគខាងជើងនៃប្រទេសឥណ្ឌា ដោយក្រុមមន្រ្តីនិយាយថា អាចនឹងមានព្យុះផ្គររន្ទះនាថ្ងៃពុធនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មនុស្ស ១០ ០០០នាក់ ត្រូវបានជម្លៀសចេញពីតាមដងទន្លេក្នុងតំបន់រដ្ឋធានី Delhi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ ២០២៥។
រដូវខ្យល់មូសុងនៅឥណ្ឌា មានលក្ខណៈធ្ងន់ធ្ងរនៅឆ្នាំនេះ ដោយបានសម្លាប់មនុស្ស ១៣០នាក់ តែនៅក្នុងខែសីហា នៅភាគខាងជើងប្រទេស ដោយបំផ្លាញភូមិ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា។ គ្រោះទឹកជំនន់ថ្មីចុងក្រោយ បានវាយប្រហារភាគខាងជើងតំបន់ Jammu និង Kashmir រដ្ឋ Himachal Pradesh, Uttarakhand និង Punjab ជាទីដែលទឹកទន្លេ Chenab និង Tawi បានហក់ឡើងលើសពីសញ្ញាគ្រោះថ្នាក់។
ទឹកទន្លេជន់ឡើងបង្កឱ្យមានបំណាក់ដី និងខូចខាតផ្លូវថ្នល់ កាត់ផ្តាច់ផ្នែកខ្លះនៃតំបន់ភ្នំ Jammu និងរដ្ឋ Himachal។ ទីភ្នាក់ងារឧតុនិយមព្រមានថា នឹងភ្លៀងកាន់តែខ្លាំងថែមទៀតនៅថ្ងៃពុធនេះ ពិសេសនៅរដ្ឋ Uttarakhand និង Uttar Pradesh។ ទឹកទន្លេ Yamuna ប៉ែកក្នុងក្រុង Delhi បានឡើងដល់កម្រិតគ្រោះថ្នាក់ កាលពីថ្ងៃអង្គារ ហើយមនុស្សជិត ១០ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន៕



