សមាជិកសភាបក្ស New Democracy ទាមទារឱ្យប៉ូលិសថៃ ចោទប្រកាន់នាយករដ្ឋមន្រ្តីស្តីទី លោក Phumtham ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ជុំវិញសំណើរំលាយរដ្ឋសភា
(បាងកក)៖ នារសៀលថ្ងៃពុធ ទី៣ ខែកញ្ញា លោក Surathin Phicharn ដែលជាសមាជិកសភាម្នាក់នៃគណបក្ស New Democracy និងសកម្មជននយោបាយ លោក Thaikorn Polsuwan បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសថៃ ប្រឆាំងនាយករដ្ឋមន្រ្តីស្តីទី លោក Phumtham Wechayachai ក្រោមច្បាប់ស្តីពីការប្រមាថស្ថាប័នព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod។
លោក Surathin និងលោក Thaikorn បានអះអាងថា ការដែលលោក Phumtham បានដាក់លិខិតដើម្បីស្នើឱ្យព្រះមហាក្សត្រថៃ ឡាយព្រះហត្ថលេខាយល់ព្រមរំលាយរដ្ឋសភា គឺជាទង្វើមិនសមរម្យមួយ ព្រោះលោកមិនមានសិទ្ធិអំណាចអ្វី ដើម្បីធ្វើយ៉ាងដូច្នោះទេ។ មិនតែប៉ុណ្ណោះ សកម្មភាពរបស់លោក Phumtham ឆ្លុះបញ្ចាំងឱ្យឃើញពីចេតនាចង់ប្រើប្រាស់ស្ថាប័នកំពូលនេះ ជាឧបករណ៍នយោបាយរបស់ខ្លួន។ អ្នកទាំងពីរបានបន្ថែមថា ហេតុដូច្នេះហើយ ក្នុងនាមជាពលរដ្ឋថៃ ពួកគេចាំបាច់ត្រូវធ្វើសកម្មភាព ប្រឆាំងលោក Phumtham ដើម្បីការពារស្ថាប័នព្រះមហាក្សត្រ។
គួរបញ្ជាក់ថា គណបក្សភឿថៃ នៅថ្ងៃពុធនេះ បាននិយាយថានាយករដ្ឋមន្ត្រីស្ដីទី លោក Phumtham បានស្នើលិខិតមួយ ដើម្បីស្នើឱ្យព្រះមហាក្សត្រថៃយល់ព្រមរំលាយរដ្ឋសភា ក្នុងគោលដៅបើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។ ការស្នើសុំរំលាយសភានេះ គឺបន្ទាប់ពីបក្សភឿថៃ មិនអាចធានាបានថា បេក្ខជនរបស់ខ្លួន នឹងមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីត្រូវជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញដកតំណែងជាផ្លូវការ កាលពីសប្តាហ៍មុន៕



