លោក Putin និយាយថា រុស្ស៊ីនឹងសម្រេចបានរាល់គោលដៅយោធា ប្រសិនបើអ៊ុយក្រែន មិនយល់ព្រមលើកិច្ចព្រមព្រៀង

ប្រធានាធិបតី Vladimir Putin បាននិយាយថា រុស្ស៊ីមានឆន្ទៈក្នុងការប្រយុទ្ធដើម្បីសម្រេចបានគោលបំណងទាំងអស់ ប្រសិនបើអ៊ុយក្រែន មិនយល់ព្រមធ្វើកិច្ចព្រមព្រៀង។
លោកបានថ្លែងបែបនេះ នៅក្នុងប្រទេសចិន បន្ទាប់ពីបានចូលរួមក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំ ដែលត្រូវបានគេមើលឃើញថាជាបញ្ហាប្រឈមចំពោះលោក Donald Trump និងសណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលលោក Putin ឱ្យបញ្ចប់សង្គ្រាម ប៉ុន្តែមេដឹកនាំរុស្ស៊ី ទន្ទឹមនឹងលើកសរសើរពីបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់លោកTrump រហូតមកដល់ពេលនេះ ពុំបានបញ្ចប់ការប្រយុទ្ធគ្នានៅឡើយទេ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kyiv ពីសំណាក់រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក John Healey បានប្រាប់ទូរទស្សន៍ BBC ថា លោក Trump បាននាំលោក Putin មកកាន់តុចរចា ហើយលោកពុំបានច្រានចោលការដាក់សម្ពាធបន្ថែមលើរុស្ស៊ីនោះទេ។
លោកនិយាយថា បណ្ដាប្រទេស ដូចជាចក្រភពអង់គ្លេសជាដើម មានឆន្ទៈ ដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមលើលោក Putin និងផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ដូច្នេះពួកគេអាចបន្តការប្រយុទ្ធបាន។
លោក Trump បានដកលោក Putin ចេញពីភាពឯកោជាអន្តរជាតិកាលពីខែមុន នៅពេលលោកធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាមួយលោក Putin នៅរដ្ឋ អាឡាស្កា។លោកក៏បានព្យាយាមបញ្ចុះបញ្ចូលលោក Putin ឱ្យជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ផងដែរ។
ចំណែកលោក Putin បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា រូបលោកពុំដែលបដិសេធលទ្ធភាពនៃកិច្ចប្រជុំបែបនេះទេ ហើយ តែងតែត្រៀមខ្លួនជានិច្ច៕

You might also like