លោក Trump គ្រោងធ្វើកិច្ចពិភាក្សាស្តីពីអ៊ុយក្រែន ក្នុងពេលឆាប់ៗ ដើម្បីជំរុញកិច្ចប្រឹងប្រែងសន្តិភាព

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (៣ កញ្ញា) ថា លោកគ្រោងបើកកិច្ចពិភាក្សាពីសង្គ្រាមនៅអ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅរដ្ឋអាឡាស្កា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែសីហា បានបរាជ័យមិនសម្រេចផ្លែផ្កាធំដុំណាមួយឡើយ ក្នុងការជំរុញកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន។
លោក Trump មានការខកចិត្តយ៉ាងខ្លាំងជុំវិញដំណើរការសន្តិភាពនោះ ខណៈការប្រយុទ្ធដែលចាប់ផ្តើមដោយប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តយ៉ាងខ្លាំងក្លា ហើយប្រធានាធិបតីអាមេរិករូបនេះ កំពុងព្យាយាមបំពេញសន្យាដែលថានឹងអាចបញ្ចប់សង្រ្គាមបានឆាប់រហ័ស នៅពេលចូលកាន់តំណែងកាលពីខែមករា កន្លងទៅ។
លោក Trump បាននិយាយថា លោកនឹងធ្វើកិច្ចចរចានៅប៉ុន្មានថ្ងៃខាងមុខទៀត ប៉ុន្តែមន្ត្រីសេតវិមាននិយាយថា លោក Trump ត្រូវបានរំពឹងថានឹងសន្ទនាតាមទូរសព្ទនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញានេះ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។ បារាំងបាននិយាយរួចហើយនៅព្រឹកថ្ងៃពុធថា មេដឹកនាំអឺរ៉ុបជាច្រើនរូប រួមទាំងលោក Zelenskiy និងលោក Emmanuel Macron របស់បារាំង នឹងទូរសព្ទទៅលោក Trump នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
កិច្ចពិភាក្សាតាមទូរសព្ទនោះត្រូវរំពឹងថា នឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអនឡាញមួយផ្សេងទៀតដែលរៀបចំដោយបារាំង នៅថ្ងៃព្រហស្បតិ៍ដដែលនេះ នៃបណ្តាប្រទេសចំនួន៣០ ដើម្បីពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់ពួកគេ ក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកសន្តិសុខ នៅពេលសម្រេចកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយរុស្ស៊ី៕

You might also like