កម្ពុជា-ថៃ នឹងចូលរួមកិច្ចប្រជុំ GBC លើកទី២ នៅខេត្តកោះកុង
ភ្នំពេញ៖ ក្រុមលេខាធិការគណៈកម្មាធិការទូទៅកម្ពុជា-ថៃ សម្រេចឯកភាពគ្នាបន្តរៀបចំកិច្ចប្រជុំនេះ នៅខេត្តកោះកុង ទឹកដីកម្ពុជាវិញមុ្តង ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តបទឈប់បាញ់ បន្ទាប់ពីដំណើរការកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ជាលើកដំបូងនៅប្រទេសម៉ាឡេស៊ីរួចមក។
តាមការឱ្យដឹងពីរដ្ឋបាលខេត្តកោះកុង ក្រុមលេខាធិការគណៈកម្មាធិការទូទៅកម្ពុជា-ថៃ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅឯសាលមហោស្រពខេត្តកោះកុង។ ក្នុងនោះ ដើម្បីឱ្យកិច្ចប្រជុំខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ និងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលខេត្តកោះកុង បានប្រកាសផ្អាកមិនឱ្យការធ្វើដំណើរជាបណ្តោះអាសន្ន នូវយានយន្តដឹកដីគ្រប់ប្រភេទ លើដងផ្លូវក្នុងក្រុងខេមរភូមិន្ទ និងចាប់ពីចំណុចច្រកទ្វារព្រំដែនអន្តរជាតិចាំយាម រហូតដល់រង្វង់មូលធនាគារអេស៊ីលីដា ចាប់ពីថ្ងៃទី៦រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
គួរជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC នៅទឹកដីខេត្តកោះកុង គឺជាការប្រជុំលើកទី២ បន្ទាប់ពីកម្ពុជា-ថៃ ឯកភាពគ្នាទទួលយកបទឈប់បាញ់។ កិច្ចប្រជុំ GBC លើកដំបូង ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៧សីហា ឆ្នាំ២០២៥ នៅរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕



