លោក ហៀង ម៉េង អគ្គនាយករង អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្រ្ត ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

នៅថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហៀង ម៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រលំហាច មានសក្ដានុពលបម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃ និងការស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៥១៨៣ហិកតា ស្រូវប្រាំងចំនួន ១៥៥៥ហិកតា និងដំណាំរួមផ្សំផ្សេងៗទៀត គ្របដណ្តប់លើបណ្តាឃុំចំនួន៤ នៃស្រុកបរិបូណ៌។ ចំណែកប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ស្ថិតក្នុងស្រុកបាកាន មានសក្តានុពលបម្រើឱ្យការស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២៧០០០ ហិកតា និងស្រូវប្រាំងចំនួន ៩០០០ហិកតា។
ក្នុងឱកាសនោះ លោកអគ្គនាយករង បានកោតសរសើរដល់ក្រុមការងារប្រចាំការនៅតាមប្រព័ន្ធនីមួយៗ ដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យមានដំណើរការល្អ បម្រើឱ្យការផ្គត់ផ្គង់ទឹកស្រោចស្រពស្រែរបស់បងប្អូនប្រជាកសិករ ក៏ដូចជាជួយដោះទឹកពេលមានជំនន់កើតឡើងម្តងៗ៕

You might also like