ក្របួចជនសង្ស័យ ៥នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋានកន្លងមក បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់
កាលពីពេលកន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងផែនការងារនគរបាលយុត្តិធម៌ កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះស្រាវជ្រាវឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ក្នុងករណីលួច ២ករណីផ្សេងពីគ្នា ក្នុងនោះករណីលួចម៉ូតូ ១ករណី និងករណីលួចទូរស័ព្ទដៃរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យ ១ករណី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់ និងធ្វើការដកហូតវត្ថុតាងបានប្រគល់ជូនជនរងគ្រោះវិញ ៖
– ករណីលួចម៉ូតូ ៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៧-៣០នាទី មានករណីលួចម៉ូតូ ១ករណី ដែលបង្កឡើងដោយជនសង្ស័យចំនួន ២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូ ១គ្រឿង មកឈប់នៅមុខតូបលក់ដូររបស់ជនរងគ្រោះឈ្មោះ ម៉ៅ សារុន ភេទស្រី អាយុ ៣៤ឆ្នាំ នៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរលក់ចាប់ហួយ ដោយឃើញមានម៉ូតូ ១គ្រឿង ម៉ាក HONDA Dream C125 ស៊េរីឆ្នាំ2008 ពណ៌ខ្មៅ ឡើងតែមឆ្នាំ2022 ពាក់ស្លាកលេខភ្នំពេញ 1Z.2043 ដាក់កាំបន្ទះពណ៌ស ទុកចោលនៅមុខតូបទាំងសោរផង ក្រុមជនសង្ស័យម្នាក់ក៏បានចុះទៅបន្លំទិញទំនិញផ្សេងៗ ហើយម្នាក់ទៀតនៅចាំលើម៉ូតូក្បែរនោះ ឆ្លៀតពេលអ្នកលក់ចូលទៅយកទំនិញមកឱ្យ ក៏ឆក់ឱកាសឡើងជិះម៉ូតូជនរងគ្រោះរត់គេចតែម្តង ព្រមជាមួយគ្នាវាដែលចាំនៅក្បែរនោះផងដែរ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះពួនស្ទាក់ និងចាត់វិធានការជំនាញស្រាវជ្រាវឈានដល់កំណត់មុខសញ្ញា និងបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានទាំង ២នាក់ និងធ្វើការដកហូតវត្ថុតាងម៉ូតូចំនួន ៣គ្រឿង ក្នុងនោះម៉ូតូ ១គ្រឿងជារបស់ជនរងគ្រោះ និងម៉ូតូ ២គ្រឿងទៀតរបស់ជនសង្ស័យជិះធ្វើសកម្មភាព ព្រមទាំងដកហូតកាំបិតខ្វែវ១ ដែលជនសង្ស័យដាក់តាមម៉ូតូ ៖
+ ម៉ូតូម៉ាកហុងដាឌ្រីម C125 សេរី 2022 ( របស់ជនរងគ្រោះ )
+ ម៉ូតូម៉ាក HONDA Dream C125 ពណ៌ក្រហម ស៊េរីឆ្នាំ2022 ពាក់ស្លាកលេខបន្ទាយមានជ័យ 1X.6992 ( របស់ជនល្មើសជិះធ្វើសកម្មភាព )
+ ម៉ូតូម៉ាក YAMAHA EXCITER GP ពណ៌ខៀវ គ្មានផ្លាកលេខ ( របស់ជនល្មើសជិះធ្វើសកម្មភាព ) ។
– ករណីលួចទូរស័ព្ទដៃ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០២-០០នាទីយប់ មានជនសង្ស័យចំនួន ៣នាក់ បានបន្លំជាសាច់ញាតិចូលទៅមើលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ក្នុងគោលបំណងលួចយកទូរស័ព្ទរបស់អ្នកជំងឺ ភ្លាមៗនោះ លោកអធិការនគរបាលស្រុក ទទួលព័ត៌មានបាន ក៏ចាត់ទៅកម្លាំងដែលកំពុងល្បាតនៅក្បែរនោះឱ្យចុះទៅកន្លែងកើតហេតុភ្លាមៗ ដោយសហការជាមួយគ្រូពេទ្យប្រចាំការ ធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង ៣នាក់ ដកហូតវត្ថុតាងម៉ូតូ ១គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព ម៉ាក HONDA Dream C125 ពណ៌ខ្មៅ សេរីឆ្នាំ2012 ពាក់ផ្លាកលេខ ព្រះវិហារ 1A.7483 យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ ។
បន្ទាប់ពីសាកសួររួច ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានចូលទៅក្នុងមន្ទីរពេទ្យបំណងលួចយកទូរស័ព្ទរបស់អ្នកជំងឺពិតមែន តែត្រូវបានអ្នកជំងឺភ្ញាក់ទាន់ ពួកខ្លួនក៏បន្លំជាដើរមើលសាច់ញាតិធម្មតា និងរកកន្លែងលាក់ខ្លួនសិន ពេលមានឱកាសនឹងចេញធ្វើសកម្មភាពលួចបន្តទៀត តែត្រូវបានកម្លាំងនគរបាលទៅទាន់ចាប់ឃាត់ខ្លួនតែម្តង ជាមួយគ្នានោះក្រុមជនសង្ស័យទាំងនេះ ក៏បានឆ្លើយសារភាពទៀតថា កន្លងមកពួកខ្លួនធ្លាប់ចូលទៅលួចទូរស័ព្ទនៅមន្ទីរពេទ្យនេះចំនួន ៥លើក ដោយលួចបានសម្រេច ៣លើក យកបានទូរស័ព្ទដៃសរុបចំនួន ៦គ្រឿង ហើយយកទៅលក់នៅឯក្រៅស្រុក រួចចែកលុយគ្នាចាយ ។
សារភាពរបស់ក្រុមជនសង្ស័យក្នុងករណីលួចម៉ូតូ និងករណីលួចទូរស័ព្ទដៃ ដែលបង្រ្កាបបានទាំង ៥នាក់នេះ ឃើញថាជាក្រុមតែមួយ ហើយកន្លងមកធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ហើយពួកវាកំពុងតែមានផែនការចេញលួចបន្តទៀត តែត្រូវបានកម្លាំងនគរបាលស្រុកអន្លង់វែង ស្រាវជ្រាវបង្រ្កាបចាប់ឃាត់ខ្លួនបានទាន់ពេលវេលា
ករណីនេះ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់រួចហើយ ចំពោះវត្ថុតាងរបស់ជនរងគ្រោះដែលបាត់បង់ យើងបានដកហូតបានមកវិញ ម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង ប្រគល់ជូនម្ចាស់វិញ ដោយឡែកទូរស័ព្ទដែលមិនទាន់រកឃើញកំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕



